មន្ត្រីសុខាភិបាលអ៊ីតាលី បានប្រកាសនៅថ្ងៃទី៣១ ខែមីនា ថា កូវីដ-១៩ នៅក្នុងប្រទេសនេះបានឈានដល់កម្រិតកំពូលហើយ ក្រោយមានអ្នកស្លាប់រហូតដល់៨៣៧នាក់ ក្នុងមួយថ្ងៃ។ អ៊ីតាលី ជាប្រទេស ដែលរង គ្រោះធ្ងន់ជាងគេបំផុត ចាប់តាំងពីផ្ទុះកូវីដ-១៩មក ដោយប្រទេសនេះមានអ្នកស្លាប់ សរុបកើនឡើងដល់ទៅជាង១២ពាន់នាក់ និង ជាង១សែននាក់ឆ្លងកជំងឺនេះ។
ប៉ុន្តែនេះក៏មានសញ្ញាល្អប្រសើរជាងមុនបន្តិច ដោយក្នុងតំបន់ Lombardy មានចំនួនអ្នកឆ្លងថយចុះ ជាបន្តបន្ទាប់៦ថ្ងៃជាប់គ្នា ហើយក្នុងថ្ងៃទី៣១ ខែមីនាមានអ្នកឆ្លងតែ១០៤៧នាក់ប៉ុណ្ណោះ។ មន្ត្រីសុខាភិបាលអ៊ីតាលី សង្ឃឹមថា ចំនួនអ្នកឆ្លងធ្លាក់ចុះ និងជួយឲ្យចំនួនអ្នកស្លាប់ធ្លាក់ចុះផងដែរ ក្នុងពេលខាងមុខ។ លោកបន្តទៀតថា នៅសប្តាហ៍ក្រោយនឹងមានអ្នកស្លាប់ថយចុះវិញហើយ ដោយមិនមានអ្នកជំងឺធ្ងន់ៗឡើយ។
រដ្ឋាភិបាលអ៊ីតាលីបានប្រកាសថា ច្បាប់អាសន្ន នឹងបន្តអនុវត្ត រហូតដល់ថ្ងៃទី១២ ខែមេសា ខណៈការរាលដាល កូវីដ-១៩ នៅតែបន្តកើនឡើងដដែល។ ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានជួយសង្គ្រោះពលរដ្ឋអ៊ីតាលី ដល់ទៅ៣៨ពាន់នាក់រួចផុតពីក្តីស្លាប់។ នៅថ្ងៃទី៣១ ខែមីនា អ៊ីតាលី បានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលប៉ុណ្ណោះ ជាការកាន់ទុក្ខ និងចំណាយពេល១នាទី គោរពវិញ្ញានក្ខន្ធដល់ជនរងគ្រោះ ដោយកូវីដ-១៩។
នៅថ្ងៃទី៣១ ខែមីនា ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ច្រើនជាងគេ ក្នុងរយៈ២៤ម៉ោង ចុងខែមីនា គឺប្រទេសអេស្ប៉ាញ ដោយមានអ្នកស្លាប់ដល់ទៅ៨៤៩នាក់។ បន្ទាប់មកគឺអ៊ីតាលី មានអ្នកស្លាប់៨៣៧នាក់ក្នុងថ្ងៃ និងលំដាប់ទី៣ អាមេរិកមានអ្នកស្លាប់ជាង៧០០នាក់ក្នុងមួយថ្ងៃ ៕ ប្រែសម្រួលដោយ៖MEO