ព្រោះថា នៅក្នុងលោកនេះមិនមានអ្វីក្រៅអំពីអារម្មណ៍របស់វិថីចិត្តឡើយ ចិត្តកើតឡើងដឹងអារម្មណ៍ណាហើយសូម្បីចិត្តខ្លួនឯងក៏រលត់សូន្យទៅ តើមានអ្នកណាបានសម្បត្តិអំពីលោកនេះនៅជាប់លាប់ជាមួយនោះ ?
លោកដែលជារូបារម្មណ៍ក៏បែកធ្លាយ សំឡេងក៏រលត់ ក្លិន រស ផោដ្ឋព្វៈ និងសភាវៈដែលជាធម្មារម្មណ៍សុទ្ធតែកន្លងទៅ រលត់រលាយទៅ អត់មានត្រឡប់មកកើតវិញឡើយ លក្ខណៈបែបនេះ នឹងជារបស់យើងឬថាជាតួខ្លួនយើងបានយ៉ាងម៉េចនឹងកើត គឺអត់ទេ សុទ្ធតែជារបស់លោកទាំងអស់ ។
អ្វីៗដែលកន្លងទៅគឺសុទ្ធតែជាពួកធម៌ពិតទាំងអស់ ធម៌ពិតរលត់ទៅទាំងស្រស់ៗ ឃើញហើយរលត់ ឮហើយរលត់ គិតហើយក៏រលត់ សុខ ទុក្ខ ឈឺចាប់ ខូចចិត្ត ឬការរីករាយកាលដែលនៅពីក្មេងក៏រលត់អស់ទៅ ។
ដោយហោចទៅសូម្បីតែម្សិលមិញនេះឯង ក៏អត់មានអ្វីសល់ឡើយ ឬសូម្បីតែមួយភ្លែតមុននេះ ក៏រលត់ទៅហើយដែរ មិនអាចទាញយកពេលវេលានោះមកចាប់ផ្តើមសាជាថ្មីបានទេ ។ (ដោយសាន សារិន)