ប៉ារ៉ាហ្គាយ ៖ ប្រភពពីប្រព័ន្ធយុត្តិធម៌របស់ប្រទេសប៉ារ៉ាហ្គាយ បានប្រាប់ទីភ្នាក់ងារ AFP កាលពីថ្ងៃច័ន្ទថា វីរបុរសបាល់ទាត់ប្រេស៊ីល Ronaldinho អាចត្រូវបានដោះលែងនៅថ្ងៃទី២៤ ខែសីហាខាងមុខ បន្ទាប់ពីការឃុំខ្លួននៅប៉ារ៉ាហ្គាយអស់រយៈពេល៥ខែ ពីបទលួចបន្លំធ្វើលិខិតឆ្លងដែន។
រំលឹកជូនថា អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona, AC Milan និង PSG ខាងលើ ត្រូវបានឃុំខ្លួនជាមួយបងប្រុសគឺលោក Roberto de Assis Moreira កាលពីថ្ងៃទី៦ ខែមីនាកន្លងទៅ ដោយរងការចោទប្រកាន់ថា បានចូលប្រទេសប៉ារ៉ាហ្គាយដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ។ ពួកគេបានចំណាយពេលមួយខែនៅក្នុងពន្ធនាគារ មុនពេលបង់ប្រាក់ធានាចំនួន ១,៦លានដុល្លារអាមេរិកដើម្បីផ្លាស់ប្តូរមកឃុំនៅឯសណ្ឋាគារ Palmaroga នៅកណ្តាលរដ្ឋធានី Asuncion។
ចៅក្រម Gustavo Amarilla បានកំណត់កាលបរិច្ឆេទនៅថ្ងៃទី២៤ ខែសីហា ដើម្បីបើកសវនាការលើបណ្តឹងប្រឆាំងនឹងបងប្អូនទាំងពីររូបនេះ។ ព្រះរាជអាជ្ញាបានដាក់សំណើទៅកាន់ចៅក្រមដោយតម្រូវឱ្យលោក Ronaldinho អាយុ ៤០ឆ្នាំបង់ប្រាក់ពិន័យចំនួន ៩ម៉ឺនដុល្លារអាមេរិក ដើម្បីប៉ះប៉ូវការខូចខាតសង្គម។ បើទោះជាត្រូវអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញក៏ដោយ ក៏លោកនឹងត្រូវបង្ហាញខ្លួននៅចំពោះមុខចៅក្រមរៀងរាល់ ៣ខែម្តងក្នុងរយៈពេលមួយឆ្នាំ។
គូសបញ្ជាក់ឱ្យដឹងថាលោក Ronaldinho រួមទាំងបងប្រុសបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ដោយបានលើកឡើងថា ពួកលោកទាំងពីរមិនមានចំណេះដឹងណាមួយ ដែលអាចកំណត់បានថា លិខិតឆ្លងដែននោះ គឺជាលិខិតក្លែងក្លាយ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព