Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ុន្មានយ៉ាងដើម្បីយកឈ្នះ Covid-19!

Covid-19 (កូវីដ-១៩) បំផ្លាញពេលវេលា ការប្រកបរបរចិញ្ចឹមជីវិត សេដ្ឋកិច្ច ទ្រព្យសម្បត្តិ សេចក្តីសុខ ភាពរីករាយ បំពុលអារម្មណ៍ បង្កើតការភ័យខ្លាច និងធ្វើឱ្យយើងទាំងអស់គ្នា ជួបប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។

តាមក្រសួងសុខាភិបាល មេរោគនេះចម្លងតាមរយៈដំណក់ទឹកតូចៗចេញពីច្រមុះ ឬមាត់នៅពេលដែលអ្នកមានជំងឺកូវីដ-១៩នេះក្អក ឬកណ្តាស់។ ដំណក់ទឹកតូចៗទាំងនេះ ធ្លាក់មកលើផ្ទៃនៃវត្ថុនានា និងពេលមនុស្សទៅប៉ះពាល់ផ្ទៃទាំងនោះ រួចយលដៃប៉ះភ្នែក ច្រមុះ ឬមាត់ វាក៏ឆ្លងភ្លាម។ 

ដើម្បីឆ្លងឱ្យផុតគ្រាដ៏លំបាកនេះ ដើម្បីយកឈ្នះលើមេរោគដ៏ចង្រៃនេះ និងវិលត្រឡប់មករកក្តីសុខសាន្តដូចដើមវិញ សូមពុកម៉ែ អ៊ុ ពូមីង បងៗប្អូនៗ កូនៗ និងក្មួយៗទាំងអស់៖

1. យកចិត្តទុកដាក់ខ្ពស់លើការការពារ ការបង្ការ ការគាំពារសុខភាពផ្ទាល់ខ្លួន និងប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេស នៅខណៈពេលចេញពីលំនៅដ្ឋាន។

2. អនុវត្តតាមឱ្យបានត្រឹមត្រូវល្អការណែនាំស្តីពីវិធានការអនាម័យក្នុងការរស់នៅ ការធ្វើការ និងការទំនាក់ទំនងរបស់ក្រសួងសុខាភិបាល។

3. គោរពអនុវត្តតាមសេចក្តីប្រកាស និងសំណូមពររបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានាស្តីពីការប្រឆាំងនិងបង្ការការពារពីការឆ្លងមេរោគកូវីដ-១៩។

4. បង្កើតទម្លាប់នៃការរស់នៅ ការដើរហើរ ឈរអង្គុយ ការធ្វើការ និងការហូបចុក ស្អាត ល្អ ប្រកបដោយអនាម័យ។

5. បង្កើនសីលធម៍ទទួលខុសត្រូវសង្គមឱ្យបានច្រើន រួមចំណែកបង្កើតអនាម័យ និងភាពស្រស់ស្អាត ធានាមិនបោះ មិនចោលសំរាម និងគ្រប់គ្រងភាពកខ្វក់ សំណល់រឹង-រាវ នៅតាមទីសាធារណៈឱ្យបានល្អ។

6. បង្កើនគុណភាពក្នុងការចាត់ចែង និងការធ្វើកិច្ច ខំប្រឹងធ្វើឱ្យច្រើន ឱ្យខ្លាំង ឱ្យល្អ ប្រកបដោយវិជ្ជាជីវៈ ឆ្លាតវាងវៃជាងមុន ដើម្បីជំនឿ ការទុកចិត្តនិងការរក្សាការងារ ករណី តម្រូវការកាត់បន្ថយបុគ្គលិកកើតមានឡើង។

ចំពោះអ្នកមកពីបរទេស ឬស្រុកក្រៅ សូមគោរពប្រតិបត្តិឱ្យបានល្អវិធានការណ៍ ៣យ៉ាង៖

I, ស្ម័គ្រចិត្តនៅដោយឡែកពីសមាជិកគ្រួសារនិងមិត្តភក្តិរយៈពេល១៤ថ្ងៃ និងពេញ២៤ម៉ោងត្រូវនៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ។

II, ចៀសវាងការប្រើប្រាស់របស់របររួមគ្នា ដូចជា ចានបាយ ចានសម្ល ម្ហូបអាហារ ស្លាបព្រា ឬរបស់ប្រើប្រាស់ផ្សេងទៀតជាដើម។

III, បង្ការការពារខ្លួនដោយរក្សាចម្ងាយពីអ្នកដទៃយ៉ាងតិចឱ្យបាន ២ម៉ែត្រ ស្វាគមន៍គ្នាដោយការសំពះ និងកុំប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ករណី មិនទាន់បានលាងសម្អាតដៃ។

គ្រប់ពេលទាំងអស់ ប្រសិនបើ មានលេចចេញនូវមុខសញ្ញាមួយចំនួន ដូចជា ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម សូមពុកម៉ែ អ៊ុពូមីង បងៗប្អូនៗ កូនៗ និងក្មួយៗ ឆាប់រកជំនួយពីគ្រូពេទ្យតាមរយៈការទូរស័ព្ទទៅកាន់លេខ 115 ដើម្បីសុំការពិគ្រោះ ការពិនិត្យ និងព្យាបាល។

សូមអនុវត្តទាំងអស់គ្នា តាមវិធីខាងលើដើម្បីប្រយុទ្ធប្រឆាំង និងវាយកម្ចេចសត្រូវគ្មានរូប គឺ Covid-19 ឱ្យរត់ចេញពីកម្ពុជា។

សូមបារមីវត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក តាមជួយថែរក្សា ការពារ និងគាំពារប្រជាជនកម្ពុជា ឱ្យចៀសផុតពីជំងឺចង្រៃមួយនេះ និងមានសុខភាពល្អបរិបូរណ៍ សេចក្តីសុខចម្រើន និងសុភមង្គលតរៀងទៅ៕

from: https://tnaot.com/km/m/detail/article/9577816