មហាសេដ្ឋីស្ទើរតែទាំងអស់ដែលសន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិ កំពុងជួបបញ្ហាធំមួយ !
The Giving Pledge គឺជាការសន្យាដែលបានបង្កើតឡើងកាលពី ១០ឆ្នាំមុនដើម្បីឲ្យមហាសេដ្ឋីចូលរួមសន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិមួយចំនួនធំរបស់ពួកគេទៅសប្បុរសធម៌ ។ ខណៈដែលមហាសេដ្ឋីមួយចំនួនកំពុងតែព្យាយាមគោរពតាមការសន្យារបស់ខ្លួន មហាសេដ្ឋីជាច្រើនទៀតកំពុងតែជួបការលំបាកព្រោះទ្រព្យសម្បត្តិរបស់ពួកគេកំពុងលូតលាស់លឿនពេក ។
អ្នកដែលចូលរួមមានដូចជាលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) របស់ Berkshire Hathaway លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) របស់ Microsoft លោក អ៊ីឡុន ម៉ាស (Elon Musk) របស់ Tesla និងលោក រីដ ហាសធីង (Reed Hastings) របស់ Netflix ជាដើម ។ យោងទៅតាមរបាយការណ៍របស់វិទ្យាស្ថាន Institute for Policy Studies បានឲ្យដឹងថា មហាសេដ្ឋីចំនួន ៦២រូបក្នុងសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងការសន្យាខាងលើមានទ្រព្យសម្បត្តិប្រមាណ៣៧៦ប៊ីលានដុល្លារកាលពីឆ្នាំ ២០១០ ហើយវាបានកើនឡើងដល់ទៅ ៩៥% មកស្មើ ៧៣៤ប៊ីលានដុល្លារនៅថ្ងៃទី ១៨ខែកក្កដាឆ្នាំ ២០២០ នេះ ។ របាយការណ៍នេះបានបន្ថែមថា ប្រសិនបើអ្នកចូលរួមចង់គោរពតាមការសន្យារបស់ខ្លួន ពួកគេត្រូវតែបង្កើនការបរិច្ចាគយ៉ាងខ្លាំងដើម្បីឲ្យស្របទៅតាមកំណើនទ្រព្យសម្បត្តិរបស់ខ្លួន ។
ជាមួយគ្នានេះដែរ អ្នកចូលរួមមួយចំនួនប្រៀបដូចជាបរិច្ចាគលុយយឺតជាងការដែលអ្នករិះគន់ចង់មើលឃើញព្រោះការចំណាយលុយលើអំពើល្អគឺមិនងាយស្រួលទេ ។ វាប្រៀបបានជាការងារដែលល្អជាងគេលើលោក ប៉ុន្តែវាជាការងារដែលស្មុគស្មាញណាស់ ។
លើសពីនេះទៅទៀត អ្នកបរិច្ចាគភាគច្រើនគិតថាខ្លួនមានទំនួលខុសត្រូវលើភាពជោគជ័យដែលបង្កឡើងដោយលុយរបស់ពួកគេផងដែរ ។ ដោយហេតុដូចនេះទើបគ្រួសារអ្នកមានជាច្រើនបានព្យាយាមបរិច្ចាគដោយមិនបញ្ចេញឈ្មោះ ។
អ្នករិះគន់ជាច្រើនដែលរួមមានវិទ្យាស្ថានស្រាវជ្រាវខាងលើដែរបានអះអាងថា អ្នកចូលរួម Giving Pledge បានបរិច្ចាគលុយទៅមូលនិធិផ្ទាល់ខ្លួន ឬទៅមូលនិធិផ្សេងៗទៀតដែលអនុញ្ញាតឲ្យពួកគេទទួលបានការអនុគ្រោះពន្ធពីរដ្ឋាភិបាល ប៉ុន្តែលុយទាំងនោះប្រហែលជាមិនអាចត្រូវបានប្រើសម្រាប់មនុស្សដែលកំពុងត្រូវការទេ ។ ក្រៅពីនេះហើយ លុយភាគច្រើនត្រូវបានបរិច្ចាគទៅផ្នែកអប់រំ និងសុខាភិបាលដែលមិនអាចដោះស្រាយបញ្ហាបានច្រើនឡើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព