លើលោកនេះមិនមាននូវរូបមន្តដែលអ្នកអាចអនុវត្តតាមដើម្បីក្លាយជាមហាសេដ្ឋីទេ ប៉ុន្តែការមានផ្នត់គំនិតល្អៗមួយចំនួនអាចតម្រង់ទិសអ្នកទៅរកភាពជោគជ័យបានលឿនជាងអ្នកដទៃ។ ផ្នត់គំនិតទាំងនោះរួមមានភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងជាដើម។ ប៉ុន្តែក្នុងសម័យអ៊ីនធើណែតនេះ ពិភពលោកមើលឃើញមហាសេដ្ឋីវ័យក្មេងជាច្រើនរូបដែលបានកសាងទ្រព្យសម្បត្តិរបស់ខ្លួនយ៉ាងលឿន ហើយពួកគេមានចំណុចដូចៗគ្នាដូចខាងក្រោមនេះ៖
១. ប្រឡូកក្នុងវិស័យទំនាក់ទំនង
លោកមហាសេដ្ឋី ម៉ាក ហ្សាក់កាបឺក (Mark Zuckerbeg) បានចាប់ផ្តើម Facebook ដែលបានផ្លាស់ប្តូរការដែលមនុស្សប្រាស្រ័យទាក់ទងគ្នាយ៉ាងលឿន។ នៅឆ្នាំ ២០១១ ទស្សនាវដ្តី Forbes បានប្រកាសថា លោកបានក្លាយជាមហាសេដ្ឋីដែលវ័យក្មេងជាងគេលើលោក។
ជាមួយគ្នានេះដែរ លោកខេវីន សាយស្ត្រុម (Kevin Systrom) ដែលជាស្ថាបនិករបស់ Instagram ក៏បានក្លាយជាមហាសេដ្ឋីដែរបន្ទាប់ពីបានសម្រេចចិត្តលក់ក្រុមហ៊ុនឲ្យទៅ Facebook ក្នុងឆ្នាំ ២០១២។ មហាសេដ្ឋីដទៃទៀតដែលបានប្រឡូកក្នុងវិស័យនេះរួមមានលោក ចេន ឃូម (Jan Koum) ដែលជាសហស្ថាបនិករបស់ WhatsApp លោកអេវេន ស្ពីហ្គេល (Evan Speigel) ដែលជាស្ថាបនិករបស់ Snapchat និងលោក ចាក ដរស៊ី (Jack Dorsey) ដែលជាស្ថាបនិករបស់ Twitter ជាដើម។
២. វិនិយោគលើទីផ្សារអនឡាញ
មហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាដទៃទៀតបានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតដើម្បីកសាងទ្រព្យសម្បត្តិរបស់ខ្លួន និងបានបង្កើតនូវគំរូអាជីវកម្មថ្មីៗផងដែរដូចជាការចែករំលែកលំនៅដ្ឋានដែលមានលើ Airbnb និង ការចែករំលែកយានជំនិះរបស់ Uber ជាដើម។
៣. ដើរលើផ្លូវចាស់
ទោះជាមហាសេដ្ឋីវ័យក្មេងថ្មីៗភាគច្រើនមកពីពិភពបច្ចេកវិទ្យាពិតមែនក្តី នៅមានមហាសេដ្ឋីមួយចំនួនទៀតដែលបានកសាងទ្រព្យសម្បត្តិរបស់ខ្លួនដោយពឹងផ្អែកលើវិស័យចាស់ៗទៅវិញដូចជាវិស័យប្រេង ដែលមានលោក ចន រ៉ុកាហ្វេឡឺ (John Rockefeller)ជាដើម។
ក្រៅពីនេះហើយ អ្នកស្រី ជេឃេ រ៉ូលីង (J.K. Rowling) ដែលជាអ្នកនិពន្ធសៀវភៅ Harry Potter ដ៏ល្បីជុំវិញពិភពលោកក៏បានក្លាយជាមហាសេដ្ឋីដែរព្រោះតែប្រជាប្រិយភាពនៃសៀវភៅដែលអ្នកស្រីបាននិពន្ធ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព