ធ្វើយ៉ាងដូចម្តេចទើបអាចធានាថាទ្រព្យសម្បត្តិរបស់អ្នកអាចគង់វង្សពីមួយជំនាន់ទៅមួយជំនាន់?
ទ្រព្យសម្បត្តិជាច្រើនអាចត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់បាន ដែលមានដូចជា អចលនទ្រព្យ អាជីវកម្ម ឬទ្រព្យសម្បត្តិផ្សេងៗទៀតដែលមានតម្លៃ។ ជាក់ស្តែង អ្នកដែលទទួកបានទ្រព្យសម្បត្តិពីអ្នកជំនាន់មុនមាននូវអត្ថប្រយោជន៍ជាច្រើន។ ពួកគេមានសមត្ថភាពក្នុងការជៀសវាងជាប់បំណុល និងពួកគេមានសមត្ថភាពធ្វើការវិនិយោគបន្តដែលបង្កើនទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ។
ដើម្បីកសាងទ្រព្យសម្បត្តិ អ្នកត្រូវតែទិញនូវទ្រព្យសម្បត្តិដែលអ្នកអាចផ្ទេរបន្ត ឬសន្សំលុយទុកសម្រាប់អក្នកជំនាន់ក្រោយ។ប៉ុន្តែវាមិនងាយស្រួលឡើយក្នុងការរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ដើម្បីសម្រេចបាននូវគោលដៅនេះបាន អ្នកត្រូវមានផែនការច្បាស់លាស់។ ខាងក្រោមគឺជាយុទ្ធសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តបានដើម្បីសម្រេចបានគោលដៅខាងលើ។
១. វិនិយោគលើអចលនទ្រព្យ
អចលនទ្រព្យគឺជាទ្រព្យសម្បត្តិដែលអាចរកលុយឲ្យអ្នកបាន។ ប្រសិនបើមនុស្សម្នាក់ទទួលបានអចលនទ្រព្យពីអ្នកជំនាន់មុន ពួកគេអាចរកចំណូលបានពីការជួល ឬការលក់ជាដើម។ ទោះជាតម្លៃផ្ទះមានឡើងមានចុះពិតមែនក្តី តម្លៃផ្ទះនឹងបន្តកើនឡើងទៅថ្ងៃមុខ។
២. សន្សំលុយដោយឆ្លាតវៃ
ទ្រព្យសម្បត្តិមិនកើតមានឡើងចេញតែពីការរកលុយទេ តែការសន្សំលុយក៏មានសារៈសំខាន់ដែរ។ មិនថាអ្នករកចំណូលបានប៉ុន្មានពីការងារ អាជីវកម្ម ឬការជួលផ្ទះឡើយ ការប្រើប្រាស់លុយអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកបាន។ ដូច្នេះអ្នកគួរតែយល់ដឹងបន្ថែមពីកន្លែងទុកដាក់លុយដែលផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់អ្នក។
៣. ចាប់ផ្តើមអាជីវកម្មមួយ
មនុស្សជាច្រើនចង់ចាប់ផ្តើមអាជីវកម្មដើម្បីរកចំណូលបានលឿន ប៉ុន្តែមនុស្សមួយចំនួនទៀតចាប់ផ្តើមអាជីវកម្មដើម្បីមាននូវអ្វីដែលពួកគេអាចផ្ទេរទៅកូនៗនៅថ្ងៃមុខ។ យ៉ាងណាក្តី ការផ្ទេរការគ្រប់គ្រងអាជីវកម្មមិនធានាថាអាជីវកម្មនោះនឹងជោគជ័យឡើយព្រោះអ្នកដែលទទួលបន្តត្រូវមានចំណាប់អារម្មណ៍លើវា និងមានចំណេះដឹងគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព