គ្រប់ផ្ទះទាំងអស់ដែលមានមនុស្សនៅ គឺតែងតែមានជំនាងផ្ទះម្នាក់ ឬច្រើន នៅថែរក្សាដើម្បីឱ្យម្ចាស់ផ្ទះបានសុខសប្បាយមិនមានពពួកអមនុស្សអាក្រក់ចូលមកយាយីបាន។ នេះជាអ្វីដែលគ្រប់គ្នាគិត។ តែការពិតមិនដូច្នេះឡើយ។
ជំនាងផ្ទះ គឺជាព្រលឹងទេវតា ថ្នាក់ទាបដែលថែរក្សាផ្ទះ, វត្ថុ សក្តិសិទ្ធិ ដែល នៅ អាស្រ័យ ក្នុង ផ្ទះ។
តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតី ឬព្រៃពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ មានគូរយន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូល-គេរៀប ទ្រនឹបជាងមាន បង្អែម, ចម្អាប, ទៀន, ធូប, ភ្ញី ផ្កា ជាដើម តាមសមគួរធ្វើពិធីសែនព្រេន បួងសួង រំលឹកដល់ទេវតា ១ អង្គ គឺព្រះ ពិស្ណុការដែលពួកជាងពីបុរាណតែងប្រកាន់ជឿ ថា ជាគ្រូធំបំផុតរបស់ពួកជាង ទាំងអស់ – សូមអញ្ជើញ ព្រះពិស្ណុការនោះមកជាអធិបតី ក្នុងការសង់ផ្ទះថ្មី កុំឲ្យមានឧបស័គ្គ គ្រោះថ្នាក់ ផ្សេង ៗ ព្រមទាំងសូមឲ្យ ជួយថែរក្សាម្ចាស់ផ្ទះ ឲ្យបានសុខចម្រើន … គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះនៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅទេវតានោះថា ជំនាងផ្ទះ។
តែមានហេតុការណ៍ និងជំនឿចម្លែកៗដែលបានកើតឡើងក្នុងជីវភាពមនុស្សដែលទាក់ទងនឹងជំនាងផ្ទះនេះ។
ចំពោះជំនាងផ្ទះខ្លះ មានវិន័យតឹងរឹង និងប្រកាន់ច្រើនយ៉ាង បើកាលណាមានជនប្លែកមុខណាមួយមកស្នាក់អាស្រ័យក្នុងផ្ទះហើយមិនបានសំពះក្បាលដំណេក ឬនឹកដល់អ្នករក្សាក្នុងផ្ទះនេះទេ ជំនាងផ្ទះ នឹងនិម្មិត្តជារូបរាងឱ្យឃើញជាក់ច្បាស់យ៉ាងគួរឱ្យខ្លាច ជារូបស្លៀកពាក់បូរាណស្បែករលួយដង្កូវចោះ អង្គុយលើពិដានទម្លាក់សក់វែងអន្លាយ ភ្នែកក្រឡោតសម្លក់មកជនដែលជាភ្ញៀវមកគេងស្នាក់អាស្រ័យនៅផ្ទះនេះ។
លោក យស់ ប៊ុន បានរ៉ាយរ៉ាប់រឿងពិតឱ្យក្រុមការងាររាត្រី រន្ធត់បានដឹងថា មានកាលមួយនោះ អំឡុងឆ្នាំ 2004 លោកបានទៅលេងស្រុកខាងភរិយា ហើយនៅក្នុងផ្ទះរបស់ម្ដាយក្មេកលោកនេះសង្គេតឃើញមានរៀបអាសនៈបាយសីយ៉ាងខ្ជាប់ខ្ជួន។ តែលោកចាប់អារម្មណ៍ទៅនឹងសសរគន្លងដែលលោកក្រឡេកមើលកាលណាក៏ចេះតែមានអារម្មណ៍ចម្លែករកព័ណនាមិនត្រូវ។
លោកប៊ុន ត្រូវបានម្ដាយក្មេករៀបបន្ទប់ល្អមួយឱ្យសម្រាកជាមួយភរិយារបស់លោក តែដោយសារតែប្លែកកន្លែង លោកចេះតែរសាប់រសល់បែរខ្លួនចុះឡើងមិនសុខ។ លុះយប់ពាក់កណ្ដាលអធ្រាត ខណៈដែលសំងំដេកលក់រលីវៗ លោកស្រាប់តែមានអារម្មណ៍ថាកំពុងមាននរណាកំពុងតែសម្លឹងមើលមកលោក។ ពេលលោកបើកភ្នែកឡើង ឃើញជាក់ច្បាស់ជារូបស្ត្រីបុរាណម្នាក់ស្លៀកពាក់ចងក្បិនត្រឹមត្រូវ កំពុងអង្គុយលើធ្នឹមពិដានផ្ទះ សក់វែងខ្មៅអន្លាយ ភ្នែកក្រឡោតដោយកំហឹង។ ភ្លាមនោះស្ត្រីនោះក៏ស្រាប់តែលោតផ្លោតចុះមកសង្គ្រប់ពីលើខ្លួនលោក ហើយលូកដៃមកច្របាច់កមួយទំហឹង បណ្ដាលឱ្យលោកស្រែកឡើងរើបម្រាស់ទាញរហូតរហែកមុង ផ្អើលអស់ភរិយា និងអ្នកក្នុងផ្ទះនោះមកមើលត្រៀមត្រា។
លោករ៉ាយរ៉ាប់តាមដំណើរ ម្ដាយក្មេកលោកក៏អុចធូប ហើយបង្គាប់ឱ្យលោក និងភរិយាសំពះសុំខមាលទោស និងក្ដីសុខ។ ថ្វីបើមិនមានអ្វីកើតឡើងទៀតតែលោកដេកលែងលក់ពេញមួយយប់។
អ្នកនាង រី សុគន្ធា ក៏មានរឿងពិតមួយដែរថា ប្រមាណជា៣ឆ្នាំមុននេះ អ្នកនាង និងស្វាមីបានទិញផ្ទះមួយកន្លែងនៅភូមិវាលបែកចាន ខេត្តបាត់ដំបង ដោយអ្នកទាំងពីរត្រូវផ្លាស់មកធ្វើការនៅទីនេះ។
ផ្ទះនោះជាផ្ទះឈើស្អាត មានអាយុកាលក្រែលដែរ តែម្ចាស់ផ្ទះមិននៅ ដោយត្រូវការលុយបន្ទាន់ក៏លក់ក្នុងតម្លៃថោកផង។
កាលមកនៅថ្ងៃដំបូង អ្នកនាងសង្គេតឃើញវត្ថុប្រើប្រាស់មួយចំនួនដូចជាកញ្ចក់ យ័ន្តក្រហមមួយផ្ទាំងក្រណាត់ និងជើងធូប។
អ្នកស្រីបានអុចធូបសុំសេចក្ដីសុខរួចសព្វគ្រប់ហើយ តែនៅពេលយប់ នៅតែមានហេតុការណ៍ចម្លែក។
គឺខណៈដែលអ្នកទាំង២កំពុងតែដេ្លក់ ស្រាប់តែឮសំឡេងគោះទ្វារ។
ពេលអ្នកស្រីផ្ទៀងត្រចៀកស្ដាប់ សំឡេងនោះក៏ស្ងាត់ទៅវិញ។ តែពេលដែលប្រាស់ខ្លួនដេកបន្ត ក៏ឮសំឡេងនោះម្ដងទៀត។
លុះស្ថានការណ៍មិនសូវស្រួល លោកស្រីក៏ដាស់ប្ដីឱ្យភ្ញាក់ឡើង។
ដាស់មួយសន្ទុះប្ដីអ្នកស្រីមិនភ្ញាក់ ដោយនៅតែបន្តគេងបែរខ្នង អ្នកស្រីក៏ទាញគាត់ឱ្យបែរមក ស្រាប់តែរន្ធត់ស្លុតស្មារតីនៅពេលដែលឃើញថាប្ដីរបស់អ្នកស្រីមានស្បែកស្លេក ពីងពាងជាច្រើនរត់ចេញពីមាត់ និងភ្នែក ត្រចៀក។ អ្នកស្រីស្រែកមួយទំហឹងខ្លាំងៗ ហើយពេលនោះស្រាប់តែមានស្ត្រីម្នាក់លោតចុះពីពិដានលើ ដើរសំដៅមករកអ្នកស្រី រួចបង្ហាញក្រចកវែងៗហើយចង្អុលទ្វា រួចគ្រប់យ៉ាងក៏រលាយអស់។
ប្ដីអ្នកស្រីត្រឡប់ជាធម្មតាវិញ។ គាត់និយាយថា អ្នកស្រីកំពុងតែំេងសុខៗក៏ស្រែកខ្លាំងៗប្រហែលជាយល់សប្ដិអាក្រក់។
តែចំពោះអ្នកស្រីសុគន្ធាផ្ទាល់បានច្បាស់ក្នុងចិត្តខ្លួនឯងហើយថាអ្វីដែលបានឃើញអំបាញ់មិញនេះគឺជាការពិត មិនមែនជាការយល់សប្ដិ ឬរវើរវាយអ្វីឡើយ។
រស់នៅក្នុងផ្ទះនោះអស់៣ថ្ងៃ ជាវេលាដែលតក់ស្លុតរន្ធត់ស្មារតីស្ទើរស្លាប់ស្ទើររស់របស់អ្នកស្រីដែរ ឯចំណែកប្ដីអ្នកស្រីបែរជាមិនបានឃើញអ្វីអាក្រក់ៗដូចអ្វីដែលអ្នកស្រីបានឃើញទាល់តែសោះ។
ដោយសង្ស័យពេក អ្នកស្រីបានជួលគ្រូបញ្ចូលរូបម្នាក់ដើម្បីដឹងដំណើរហេតុភេទហើយក្រោយមកក៏ដឹងថា ម្ចាស់ផ្ទះមុននេះ មានចិត្តអាក្រក់ ក្រោយពីឈ្លោះជាមួយអ្នកលក់ត្រីម្នាក់នៅផ្សារ ក៏បានជួលគ្រូឱ្យធ្វើអំពើម្នាក់លក់ត្រីនោះ ហើយដោយមិនបានដឹងខ្លួន បានបណ្ដោយឱ្យព្រលឹងអាក្រក់របស់អមនុស្សចូលមកក្នុងផ្ទះនេះ ដោយសូម្បីតែជំនាងផ្ទះ ឬម្ចាស់ទឹកម្ចាស់ដីក៏មិនអាចបណ្ដេញព្រលឹងនោះចេញបាន។ ក្រោយមកអ្នកផ្ទះនេះក៏ចេះតែឈឺដោយមិនដឹងមូលហេតុ ម្ដងម្នាក់ៗរហូតពេលមានមនុស្សជ្រុះសក់ឈឺធ្ងន់ដល់ជីវិត ម្ចាស់ផ្ទះក៏ដាក់ផ្លាកលក់បន្ទាន់ ហើយរើទៅនៅទីស្ថានទីទៃ។
គ្រូបញ្ចូលរូបនោះរ៉ាយរ៉ាប់ប្រាប់អ្នកស្រីបន្តថា ជំនាងផ្ទះនោះមានចេតនាល្អទេ ថ្វីបើមកក្នុងរូបរាងជាព្រាយគួរឱ្យខ្លាច តែគេចង់មកប្រាប់ថា ក្នុងផ្ទះនេះមិនសុវត្ថិភាពសម្រាប់អ្នកស្រី ឬស្វាមីមករស់នៅឡើយ។
សរុបមក ជំនាងផ្ទះគឺជាព្រលឹងភាវវិជ្ជមានដែលនៅរក្សាថែទ្រព្យ ឬផ្ទះសំបែងរបស់អ្នក ហើយប្រសិនបើផ្ទះរបស់អ្នកអាចរក្សាជំនាងផ្ទះឱ្យគង់វង្ស អ្នកនឹងមិនមានពួកភាវអាក្រក់ណាមួយមកយាយីសមាជិកគ្រួសារអ្នកទេ។
ប៉ុន្តែមិនមែនគ្រប់ផ្ទះសុទ្ធតែមានជំនាងផ្ទះឡើយ។
សញ្ញាណដែលបញ្ជាក់ថា ផ្ទះរបស់អ្នក មានវត្តមាននាងជំនាងផ្ទះថែរក្សា គឺ
– ពេលយប់ខ្លះ ធំក្លិនក្រអូប ឬក្លិនផ្កា
– អ្នកក្នុងផ្ទះមិនមានយល់សប្ដិអាក្រក់ច្រើនដង
– អ្នកក្នុងផ្ទះរស់ដោយត្រជាក់ត្រជុំ
ឯសញ្ញាណដែលបញ្ជាក់ថាផ្ទះមួយគ្មានជំនាងផ្ទះថែរក្សា
– ធ្លាប់មានឃើញព្រលឹងខ្មោចក្នុងផ្ទះ
– អ្នកផ្ទះមានតែឈ្លោះគ្នា មានតែភាពក្ដៅក្រហាយ
– អ្នកក្នុងផ្ទះមានជំងឺរីងរៃព្យាបាលមិនជា
– អ្នកក្នុងផ្ទះយល់សប្ដិអាក្រក់ច្រើនជាង៣ដងក្នុងមួយសប្ដាហ៍។
ត្រូវចាំថា ព្រលឹងជំនាងផ្ទះនេះ ថ្វីបើនៅតាមថែរក្សាអ្នកក្នុងផ្ទះឱ្យសុខសប្បាយ តែក៏អាចបកមកធ្វើឱ្យអ្នកគ្រោះថ្នាក់ដល់ស្លាប់ដែរប្រសិនបើអ្នក ប្រមាថគាត់។