ក្លិបសេះបង្កង់ Juventus ឈានដល់ការចែកផ្លូវគ្នាជាមួយលោក Maurizio Sarri ហើយ បន្ទាប់ពីដឹកនាំទើបតែបានមួយរដូវកាល។
Juventus អស់ឱកាសឡើងទៅវគ្គបន្ទាប់ ក្រោយសរុបលទ្ធផលទាំងពីរជើងបានត្រឹមស្មើគ្នា ២-២ ជាមួយ Lyon នៅវគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League កាលពីយប់មិញ។ ក្រុមមកពីបារាំងមួយនេះ បានចំណេញគ្រាប់បាល់ក្រៅដី ទើបធ្វើឱ្យពួកគេមានឱកាសឡើងទៅវគ្គបន្ទាប់ ដោយនឹងត្រូវជួបជាមួយក្រុម Manchester City។ ក្រោយខ្ទាតចេញពីក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ ក្លិប Juventus ក៏សម្រេចបញ្ចប់តំណែងលោក Sarri តែម្តង។
បុរសជនជាតិអ៊ីតាលីវ័យ ៦១ ឆ្នាំខាងលើចូលមកដឹកនាំ Juventus នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយបានជួយឱ្យក្លិបឈ្នះពានរង្វាន់ Serie A នៅរដូវកាលនេះ។
ជាមួយគ្នានេះដែរ លោក Mauricio Pochettino អតីតគ្រូបង្វឹកក្លិប Tottenham Hotspur ត្រូវបានគេរំពឹងថា នឹងចូលមកកាន់តំណែងនេះជំនួសលោក Sarri នៅរដូវកាលក្រោយតែម្តង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore