ក្រោយមានកៅអីមកលេងក្របខ័ណ្ឌ Premier League ជាថ្មីម្តងទៀត ក្លិបបាល់ទាត់ Leeds United ចាប់ផ្តើមគិតគូរកទិញចូលកីឡាករសំខាន់មួយចំនួនដើម្បីត្រៀមជួយពង្រឹងក្រុមបន្ថែមនៅរដូវកាលក្រោយ ដែលគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខ។
បើយោងតាមកាសែត The Sun បានឱ្យដឹងថា ក្លិប Leeds United នឹងដាក់គោលដៅនាំយកខ្សែបម្រើ Harry Wilson របស់ក្លិប Liverpool នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ Leeds ត្រៀមផ្តល់សំណើ ១៥ លានផោន លើការផ្ទេរខ្សែបម្រើសញ្ជាតិវែលរូបនេះ ប៉ុន្តែក៏ត្រូវប្រឈមនឹងការប្រជែងពីក្លិប Aston Villa និង Newcastle United ផងដែរ ដែលកំពុងដាក់គោលដៅចង់បានកីឡាកររបស់ Liverpool រូបនេះដូចគ្នា។
គួរបញ្ជាក់ថា Liverpool បានដាក់ Wilson ឱ្យក្លិប Bournemouth ខ្ចីជើងមួយរដូវកាល ហើយរកគ្រាប់បាន ៧ គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៣៥ ប្រកួត។ បច្ចុប្បន្ននេះ រូបគេបានវិលត្រឡប់មកកាន់ទឹកដី Anfield វិញហើយ ក្រោយផុតកុងត្រាជាមួយ Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the sun