Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យល់ដឹងដ៏គួរឱ្យខ្លាចអំពី ព្រលឹងមនុស្សរស់ចេញលង

បើនិយាយពីការលងបន្លាច គឺយើងនឹងស្រមៃទៅដល់ព្រលឹងរបស់មនុស្សដែលបានស្លាប់បាត់បង់ជីវិតហើយ ពិសេសអ្នកដែលស្លាប់ដោយឧបត្តិហេតុនានា។

ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺ មនុស្សដែលមិនទាន់ស្លាប់ ក៏អាចនឹងដកព្រលឹងចេញលងបានដែរ ឬសូម្បីតែខ្លួនអ្នកផ្ទាល់។

មានហេតុការណ៍ចម្លែកៗជាច្រើនបានកើតឡើងក្នុងជីវភាពមនុស្សប្រចាំថ្ងៃ ហើយហេតុការណ៍ព្រលឹងមនុស្សរស់នេះជាអបិយរូបដែលគួរឱ្យងឿងឆ្ងល់ និងពិបាកនឹងរកចម្លើយ។

មនុស្សខ្លះបានជួបប្រទះសមាជិកគ្រួសាររបស់ខ្លួនទាំងដែលម្នាក់នោះមិនបាននៅទីនោះទេ។ ខ្លះទៀតក៏ឮជាសំឡេងស្រែកហៅយ៉ាងច្បាស់ទាំងដែលម្ចាស់សំឡេងនោះមិនបានធ្វើ។

កញ្ញា ងួន ស៊ីណា បានរៀបរាប់ហេតុការណ៍ស្រដៀងនេះដែលកញ្ញាបានជួបផ្ទាល់ឱ្យរាត្រី រន្ធត់ ដឹងថា,

ក្នុងថ្ងៃមួយនាថ្ងៃចូលឆ្នាំខ្មែរ គ្រឹស្តសករាជឆ្នាំ 2014 កញ្ញាមិនស្រួលខ្លួន ក៏នៅចាំផ្ទះ ខណៈដែលសមាជិកគ្រួសារទាំងអស់បានទៅលេងរមណីយដ្ឋាននានាឆ្ងាយពីក្រុង។

លុះល្ងាចព្រលប់ ខណៈដែលកញ្ញាកំពុងគេងសម្រាកនៅបន្ទប់គេងជាន់លើ កញ្ញាក៏ឮសំឡេងគ្រប់គ្នាត្រឡប់មកវិញដោយសើចសប្បាយក្អាកក្អាយ។ កញ្ញាក៏មិនបានចុះទៅទទួលនៅឡើយ ដោយហេតុអស់កម្លាំង និងងងុយផង។ មួយសន្ទុះ ស្រាប់តែម្ដាយកញ្ញាបានទូរសព្ទមកប្រាប់ថា យប់នេះ ទាំងអស់គ្នាមិនបានទៅផ្ទះទេ ទាល់តែថ្ងៃស្អែកព្រឹកទើបត្រឡប់ទៅវិញ។

កញ្ញាភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំងព្រោះទើបឮសំឡេងអ្នកផ្ទះមកវិញយ៉ាងច្បាស់នឹងត្រចៀក។ រាត្រីនោះកញ្ញាបានហៅមិត្តភក្ដិឱ្យមកគេងជាមួយដោយខ្លាច។

មួយទៀត លោក ភិន ណាក់ រស់នៅឃុំត្រាំងក្រាំង ខេត្តកណ្ដាល ក៏បានឱ្យដឹងដែរថា មានយប់មួយ នៅខណៈដែលលោកភ្ញាក់ពីគេងដោយចង់ឈឺនោម លោកក៏បានចុះពីផ្ទះដើម្បីទៅបន្ទប់ទឹក។ នៅទីនោះ លោកបានឃើញប្រពន្ធរបស់លោកកំពុងឈរនៅកាំជណ្ដើរបែរខ្នងដាក់លោក។ 

លោកបាននិយាយទាំងបើកភ្នែកព្រឹមៗដោយងងុយថា 

ហើយឯងចុះមកពីអង្កាល់? មកបត់ជើងមែនទេ? 

ប្រពន្ធលោកនៅតែបែរខ្នងដោយមិនឆ្លើយតប។ លោកក៏តម្រង់ទៅបន្ទប់ទឹកហើយពេលឡើងមកលើផ្ទះ ប្រពន្ធលោកកំពុងគេងនៅលើគ្រែដដែល។ លុះព្រឹកឡើងដោយងឿងឆ្ងល់ និងសង្ស័យ ក៏សួរថា យប់មិញមានចុះទៅក្រោមទេ? ប្រពន្ធលោកឆ្លើយយ៉ាងប្រាកដថាមិនបានចុះទេ។ លោកសួរបញ្ជាក់យ៉ាងណាក៏នាងឆ្លើយថា មិនបានចុះ។ ហេតុការណ៍នោះធ្វើឱ្យលោកព្រឺសម្បុរពេលនឹកដល់ថា តើស្ត្រីបែរខ្នងដែលលោកគិតថាជាប្រពន្ធរបស់លោកនោះ ជានរណា?

យុវជន សៅ ភារម្យ ជានិស្សិតឆ្នាំទី 3 រៀននៅសកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងដែរថា កាលឆ្នាំទី១ លោកបានឡើងពីខេត្តមករៀននៅភ្នំពេញនេះ ហើយរស់នៅក្នុងបន្ទប់ជួលមួយ។ មានថ្ងៃមួយលោកមានជំងឺគ្រុនក្ដៅ ហើយគេងសម្រាកមិនបានទៅរៀនទេ។ ក្រោយពីនិយាយទូរសព្ទជាមួយម្ដាយមួយសន្ទុះ ដោយបារម្ភ អ្នកម្ដាយបាននិយាយថាថ្ងៃស្អែកគាត់នឹងឡើងទៅមើលផ្ទាល់ នៅភ្នំពេញ។

តែល្ងាចនោះ ខណៈដែលភារម្យកំពុងដេកជិតលក់ដោយរសាប់រសល់ លោកស្រាប់តែឃើញម្ដាយខ្លួនឈរនៅចុងជើងគ្រែសម្លឹងមកខ្លួនយ៉ាងស្ងៀមស្ងាត់។ 

ភារម្យមិនបានក្រោកងើបទេ ដោយឈឺក្បាលពេក ហើយក៏ដេកដល់ព្រឹក ស្រាប់តែក្រឡេកជុំវិញខ្លួនរកម្ដាយមិនឃើញ ធ្វើឱ្យលោកតក់ស្លុតភិតភ័យយ៉ាងខ្លាំង។ លុះ២ម៉ោងក្រោយមកទើបម្ដាយខ្លួនមកដល់ ហើយក្រោយពីប្រាប់រឿងរ៉ាវសព្វគ្រប់ដល់ម្ដាយ ទើបម្ដាយគាត់សង្ស័យថាកូនរវើរវាយផ្ដេសផ្ដាសប៉ុណ្ណោះ។

តើមនុស្សដែលមិនទាន់ស្លាប់ អាចដកព្រលឹងមកជួបយើងដោយរបៀបណា? ហើយមានគ្រោះថ្នាក់ដែរ ឬទេ?

ក្នុងករណីខ្លះ ព្រលឹងមនុស្សដែលកំពុងនៅរស់ ដែលយើងស្គាល់ ឬជិតស្និតជាមួយយើងនោះ ក៏អាចបង្កជាគ្រោះថ្នាក់ដល់យើងបានដែរ ដូចជាបង្គាប់យ៉ាងច្បាស់ៗឱ្យលោតពីលើទីខ្ពស់ ឬរត់ចូលផ្លូវដែលកំពុងតែមានរថយន្តធំៗបើកបរលឿនជាដើម។ វាស្រដៀងទៅនឹងសំឡេងក្នុងក្បាលដែលប្រាប់ឱ្យទៅស្លាប់។

តែក្នុងករណីទូទៅ ព្រលឹងមនុស្សរស់នេះមិនបានធ្វើបង្កជាគ្រោះថ្នាក់អ្វីឡើយ។

អ្នកជំនាញផ្នែកជំងឺផ្លូវងងឹតបានឲ្យដឹងថាបញ្ហាព្រលឹងមនុស្សរស់នេះកើតឡើងតែចំពោះអ្នកដែលកំពុងតែមានយីអ៊ុនដាក់ ឬក៏ថ្ងៃណាដែលរាសីចុះខ្លាំង តែមិនមានជាគ្រោះថ្នាក់អ្វីដល់ម្ចាស់ព្រលឹងដែលយើងបានឃើញនោះទេ។ ហើយវាកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

តែចំពោះទ្រឹស្ដីវិទ្យាសាស្ត្រវិញ វេជ្ជបណ្ឌិតផ្នែកផ្លូវចិត្តបានឲ្យដឹងថា រឿងនេះកើតឡើងតែលើមនុស្សដែលកំពុងតែឈឺអស់កម្លាំងខ្លាំងឬមនុស្សងងុយដេកតែប៉ុណ្ណោះ។ ហើយនៅពេលយើងមានស្ថានភាពបែបនេះ ខួរក្បាលនិងផលិតជារូបភាពក្លែងក្លាយដល់អ្នកដែលយើងនឹកគិតទៅដល់។ ប្រសិនបើជួបហេតុការណ៍បែបនេះញឹកញាប់មានន័យថាសុខភាពផ្លូវចិត្តរបស់លោកអ្នកកំពុងតែមានជំងឺ។ 

ជំនឿព្រលឹងមនុស្សរស់នេះ បានកើតឡើងទៅលើមនុស្សជាច្រើន ថ្វីបើមិនញឹកញាប់ តែពិតជាបានកើតឡើងយ៉ាងជាក់ច្បាស់។

ដូច្នេះ ចូរចងចាំថា កុំទុកចិត្តនូវអ្វីដែលអ្នកឃើញ ព្រោះពេលខ្លះវាគ្រាន់តែជាព្រលឹងបំភ័ន្តភ្នែកប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្លាប់ជួបហេតុការណ៍ស្រដៀងនេះ សូមចែករំលែកនៅក្នុង Comment ខាងក្រោមវីដេអូនេះ។

រៀបរៀង និងស្រាវជ្រាវដោយ រាត្រី រន្ធត់!

from: https://tnaot.com/km/m/detail/article/9565005