អង្គការសុខុមាលភាពសត្វសកលឈ្មោះ FOUR PAWS បានធ្វើការដកហូតសត្វសុខនចំនួន១៥ក្បាល ចេញពីកន្លែងអត្តឃាតសត្វ ខណៈពេលសត្វឆ្កែទាំងនោះ បំរុងនឹងយកទៅសម្លាប់ ដើម្បីយកសាច់ចែកចាយទៅកន្លែងផ្សេងៗ។
ជាមួយគ្នានេះ អង្គការ FOUR PAWS បានសម្រេចធ្វើការបិទកន្លែងទីអត្តឃាត សត្វឆ្កែមួយកន្លែងនេះ ដើម្បីធ្វើការហាមឃាត់ មិនឱ្យមានការសម្លាប់សត្វសុខន បន្តទៀត។
ទីសត្តឃាតដែល ត្រូវបានបិទទ្វារនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់អង្គការ FOUR PAWS ចុះថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ FOUR PAWS បានរកឃើញការសម្លាប់សត្វឆ្កែ មានរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើន ត្រូវបានគេជួញដូរពីខេត្តសៀមរាប ដែលជាតំបន់ផ្គត់ផ្គង់សាច់ឆ្កែធំជាងគេ។
ចំពោះការបិទទីសត្តឃាតមួយនេះ គឺបានជះឥទ្ធិពលយ៉ាងធំធេង ទៅដល់ការផ្គត់ផ្គង់សាច់ឆ្កែ ចូលខេត្តជិតខាង និងរាជធានីភ្នំពេញផងដែរ។
ការសម្រេចឈានដល់ការបិទទីអត្តឃាត សម្លាប់សត្វឆ្កែ គឺអាចធ្វើទៅបាន បន្ទាប់ពីការហាមឃាត់ការសម្លាប់ និងជួញដូរសាច់ឆ្កែ ដែលត្រូវបានអនុវត្តដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលខេត្តសៀមរាប។
ជុំវិញរឿងនេះ អង្គការ FOUR PAWS បានលើកឡើងថា ក្នុងចំណោមសត្វឆ្កែ៣លានក្បាល ដែលត្រូវបានគេលួចចេញពីកន្លែងនានា ត្រូវបានសម្លាប់ យកសាច់នៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ៕ ដោយ៖ត្នោត