King Kazu ត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ក្រោយប្រកបអាជីព៥ទសវត្សរ៍
ជប៉ុន ៖ ខ្សែប្រយុទ្ធជប៉ុន Kazuyoshi Miura របស់ក្លិប Yokohama FC ត្រូវបានចារឈ្មោះក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ក្លាយជាកីឡាករបាល់ទាត់អាជីពដំបូងគេ ដែលប្រកបអាជីពបាន៥ទសវត្សរ៍ បន្ទាប់ពីបង្ហាញខ្លួនលើទីលានប្រកួតកាលពីថ្ងៃពុធកន្លងទៅ។
អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិជប៉ុន ដែលមានរហស្សនាមថា «King Kazu» បច្ចុប្បន្នមានវ័យ ៥៣ឆ្នាំ ក៏ជាកីឡាករបាល់ទាត់មានវ័យចំណាស់ជាងគេ និងជាអ្នករកគ្រាប់បាល់ចាស់ជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អាជីព ដែលត្រូវបានកត់ត្រាដោយ Guinness World Records ។ ខណៈដែលការបង្ហាញខ្លួនកាលពីថ្ងៃពុធ ក្នុងជំនួបរវាងក្រុម Yokohama FC ឈ្នះក្រុម Sagan Tosu ដោយលទ្ធផល ១-០ ក្នុងពានរង្វាន់ J-League Cup បានធ្វើឱ្យលោកក្លាយជាកីឡាករដំបូងគេ ដែលប្រកបអាជីពបាន ៥ទសវត្សរ៍។
សូមរំលឹកថា King Kazu បានកើតនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ១៩៦៧ បានក្លាយជាកីឡាករអាជីពក្រុមឈុតធំនៅឆ្នាំ១៩៨៦ ដោយបានលេងឱ្យក្លិបចំនួន១៣ ទាំងពេញសិទ្ធិ និងលក្ខខណ្ឌខ្ចីជើង។ រហូតមកទល់ពេលនេះ លោកបានបង្ហាញខ្លួនចំនួន ៧៥៤ប្រកួត និងស៊ុតបញ្ចូលទីបាន ២២១គ្រាប់។ លោកត្រូវបានកោះហៅចូលក្រុមជម្រើសជាតិក្នុងឆ្នាំ១៩៩០ ដោយបង្ហាញខ្លួនបានចំនួន ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ដោយជួយជប៉ុនឈ្នះពានរង្វាន់ AFC Asian Cup នៅឆ្នាំ១៩៩២៕ (ប្រភពពី Squawka Football) ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព