Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច ស ខេង បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ តាមប្រមាញ់មេខ្យល់ជួញដូរមនុស្សឆ្លងដែនខុសច្បាប់

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជា​ឱ្យមន្ត្រី​ក្រោម​ឱវាទ ត្រូវតែសហការគ្នាជាមួយនឹងអ្នកពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ ករណីជួញ​ដូរមនុស្ស​យក​ទៅ​ប្រទេសក្រៅ ព្រមទាំងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ក្រុមមេខ្យល់ ដែលកំពុងតែ​ប្រើប្រាស់​ល្បិច​កល់ថ្មី ក្នុង​ការ​ទាក់ទាញមនុស្សឱ្យទៅជាមួយ។

ឆ្លើយតបក្នុងរឿងនេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំជាមួយនឹង ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយមានការបង្ហាញនូវរបាយការណ៍ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០។

ឆ្លងតាមកិច្ចប្រជុំខាងលើនេះ សម្ដេច​ក្រឡាហោម ស ខេ​ង បានដាក់​ចេញនូវអនុសាស្រ្តមួយចំនួន ដើម្បីធ្វើការ​ឆ្លើយ​តប ​ទៅ​នឹង​ការ​ដោះស្រាយ​បញ្ហា ជា​ពិសេស​សម្រាប់​ ចែករំលែក​ទៅដល់​អន្តរជាតិ។

នៅក្នុងចំណុចទី៣នៃអនុសាស្រ្តនេះ សម្តេចក្រឡាហោម ស ខេង ក៏បាន​ដាក់​បញ្ជា​ឲ្យ​ក្រុមការងារ​អនុវត្តច្បាប់ និង​បន្ត​តាមដាន​ស្រាវជ្រាវ ស្វែងរក​មេខ្យល់​ជួញដូរ​មនុស្ស និង​ល្បិច​កល​ថ្មី​ៗ ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ ចៀសវាង​ឲ្យ​ករណី​ជួញដូរ​មនុស្ស​កើតឡើង​បន្ត​ទៀត។”​អង្គភាព​សមត្ថកិច្ច គប្បី​ពង្រឹង​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កងកម្លាំង​បញ្ជៀ​ស​ឲ្យ​បានការ​ប្រព្រឹត្ត​ខុសឆ្គង​នឹង​វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ បទបញ្ជា ដែល​នាំ​ឲ្យ​ប្រឈម​នឹង​ការ​ដាក់​ទោសទណ្ឌ​ជាយថាហេតុ”។

ស្រដៀងគ្នាផងដែរ លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តាម​ក្រសួង​ស្ថាប័ន​រាជធានី​-​ខេត្ត បាន​បន្តសកម្មភាព​ការងារ​ តាម​ទិស​ដៅ​ដែល​បាន​គ្រោងទុក បើ​ទោះបីជា​បាន និង​កំពុង​តែ​ប្រឈម​នឹង​សភាពការណ៍​វិ​វត្ត​ថ្មី ដែល​មិន​អាច​ប៉ាន់ស្មាន​បាន ពិសេស​ស្ថានភាព​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ គ្រប់​ភាគី​បាន​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ប្រចាំការ​នៅ​តាម​ព្រំដែន​ ដើម្បីរង់ចាំទទួល​សង្គ្រោះ​​ពលករ​ ដែល​វិល​ត្រឡប់ពីប្រទេសផ្សេងៗ ​តាម​ច្រក​ព្រំដែន មិន​ផ្លូវការ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​បាន​ពិនិត្យ​កម្ដៅ និង​សុខភាព អនុវត្ត​គោលការណ៍​ច​ត្តា​ឡី​ស័ក ​តាម​វិធាន​សុខាភិបាល ផ្ដល់​អាហារ និង​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន​ពួក​គាត់​ឱ្យ​បាន​ដល់​លំនៅ​ដ្ឋា​ន ហើយ​បន្ត​តាមដាន​ស្ថានភាព​សុខភាព ជីវភាព ព្រមទាំង​ផ្ដល់​សេវា​តាម​តម្រូវការ​ផ្សេង​ៗ​ជូន​ពួក​គាត់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9564658