អ៊ីតាលី ៖ Inter Milan បានបំពេញចប់សព្វគ្រប់ ដើម្បីចុះហត្ថលេខាជាអចិន្ត្រៃយ៍លើខ្សែប្រយុទ្ធ Alexis Sanchez របស់ក្រុម Manchester United ដោយគ្មានតម្លៃខ្លួន (Free Transfer) ជាមួយកុងត្រារយៈពេល ៣ឆ្នាំជាមួយក្លិបអ៊ីតាលី។
កីឡាករអន្តរជាតិឈីលីវ័យ ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយ Inter Milan នៅក្របខណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលពេញមួយរដូវកាលនៅខែសីហា ឆ្នាំ២០១៩ កន្លងទៅ។ អំឡុងពេលនោះ រូបគេរកបាន ៤គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនចំនួន ២៩ប្រកួតគ្រប់កម្មវិធីទាំងអស់។
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្រុម Man United បានថ្លែងប្រាប់ទូរទស្សន៍ BT Sport កាលពីថ្ងៃពុធថា «យើងបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ។ គេរីករាយនឹងពេលវេលានៅអ៊ីតាលី។ គេគឺជាកីឡាករកំពូលម្នាក់ ទោះបីជាគេមិនទទួលបានជោគជ័យជាមួយពួកយើងក៏ដោយ»។
សូមរំលឹកថា Alexis Sanchez បានផ្លាស់ពីមកចូលរួមជាមួយ Man United កាលពីឆ្នាំ២០១៨ ជាមួយលក្ខខណ្ឌដោះដូរគ្នារវាងកីឡាករ Henikh Mkhitaryan ជាមួយក្លិប Arsenal។ ហើយមូលហេតុចម្បង ដែលធ្វើឱ្យបិសាចក្រហមសម្រេចមិនទុកកីឡាកររូបនេះ បន្ទាប់ពីពួកគេបានចំណាយប្រាក់យ៉ាងច្រើនលើសលប់ ទៅលើប្រាក់ឈ្នួលជាង ៥០លានដុល្លារពីប្រាក់សប្តាហ៍ចំនួន ៦៥ម៉ឺនដុល្លារក្នុងរយៈពេល ៧៩សប្តាហ៍ជាមួយ Man United។
ហើយបើទោះបីជាត្រូវខ្ចីជើងទៅកាន់ប្រទេសអ៊ីតាលីក៏ពិតមែន ប៉ុន្តែ Man United នៅតែត្រូវបើកប្រាក់សប្តាហ៍ចំនួនជាង ៥០ម៉ឺនដុល្លារលើកីឡាកររូបនេះ ដោយសរុបជិត ២៥លានដុល្លារសម្រាប់រយៈពេល ៤៩សប្តាហ៍នៅទីនោះ។
សូមបញ្ជាក់ថា Sanchez បានក្លាយជាកីឡាករទី៣របស់ Man United ដែលចូលរួមជាមួយ Inter ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយក្នុងរួមមានខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Ashley Young៕ (ដកស្រង់ចេញពី The Sun) ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព