ភ្នំពេញ៖ សន្តិសុខយាមប្រចាំការនៅរោងចក្រកាត់ដេរយីហោ ស្វែលហ្គាម៉េន បានរាយការណ៏ប្រាប់អ្នកសារព័ត៍មានឲ្យដឹងថាមានខ្មាន់កាំភ្លើងបានបាញ់ទំលុះចូលក្នុងបរិវេនរោងចក្រជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករនិងសន្តិសុខ។
ហេតុការណ៏បាញ់ទំលុះចូលក្នុងរោងចក្រកាត់ដេរខាងលើនេះគឺ ខ្មាន់កាំភ្លើងបានបាញ់២ថ្ងៃជាប់ៗគ្នាតាំងពីព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០២០លុះនៅព្រឹកមិញនេះខ្មាន់កាំភ្លើងបានបន្តបាញ់ទំលុះចូលក្នុងរោងចក្រជាលើកទី២ទើបសន្តិសុខទ្រាំលែងបានក៏បានរាយការណ៏ប្រាប់សមត្ថកិច្ច ខណៈពេលទទួលព័ត៍មានខាងលើនេះភ្លាម កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចុះទៅចំនុចទីតាំងកើតហេតុខាងលើស្ថិតនៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យដើម្បីបើកការស្រាវជ្រាវថាតើគ្រាប់កាំភ្លើងទាំងនេះបាញ់ចេញពីទីតាំងខាងណាហើយអាវុធដែលខ្មាន់កាំភ្លើងបាញ់ចេញមកនេះជាប្រភេទអាវុធអ្វីនោះដែរ។
នៅចំនុចទីតាំងកើតហេតុមន្ត្រីអាវុធហត្ថខណ្ឌមានជ័យបានបង្ហើបឲ្យដឹងថានៅលើជញ្ជាំងដែកសង្ក័សីមានស្នាមទំលុះចំនួន១៧រន្ធនិងផ្លាតទៅប៉ជញ្ជាំងថ្មបណ្តាលឲ្យក្បាលគ្រាប់សំណបែកខ្ទាតនៅក្នុងបរិវេណរោងចក្រ តាមការសន្និដ្ឋានពីសមត្ថកិច្ចខាងលើបានឲ្យដឹងថាកាំភ្លើងដែលខ្មានកាំភ្លើងបាញ់ទំលុះដែកសង្ក័សីនេះអាចជាកាំភ្លើងបាញ់ស៊ីប្រើខ្យល់ឬហ្គាស ហើយចំងាយដែលបាញ់ចេញមកប្រហែលជាង១៥ម៉ែត្រចេញពីក្នុងបុរីផ្ទះល្វែងដែលនៅខាងក្រោយរោងចក្រ ហើយការបាញ់របស់ខ្មាន់កាំភ្លើងខាងលើនេះមិនទាន់ថាមានគោលបំណងអ្វីនោះទេ។
ខណៈពេលនេះសមត្ថកិច្ចអាវុធហត្ថនិងនគរបាលជំនាញខណ្ឌមានជ័យកំពុងតែបើកការស្រាវជ្រាវជុំវិញហេតុការណ៏បាញ់បោះដោយសេរីខាងលើនេះដើម្បីចាត់ការតាមនិតិវិធី៕ដោយ÷ សួង សាម