អេស្ប៉ាញ ៖ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានចេញមកបញ្ជាក់ពីមូលហេតុដែលកីឡាករ Gareth Bale មិនមានឈ្មោះក្នុងបញ្ជីកីឡាករទាំង២៤រូប សម្រាប់ការប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ទល់នឹងក្រុមម្ចាស់ផ្ទះ Manchester City ក្នុងរាត្រីថ្ងៃសុក្រនេះ។
ខ្សែបម្រើស្លាបអន្តរជាតិវែលវ័យ ៣១ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹមតែ ១៤ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់សម្រាប់រដូវកាល ២០១៩-២០។ ហើយលេងបានតែ ២ប្រកួតប៉ុណ្ណោះ ចាប់តាំងពីបាល់ទាត់នៅប្រទេសអេស្ប៉ាញចាប់ផ្តើមដំណើរការឡើងវិញកាលពីខែមិថុនា។
លោក Zinedine Zidane បានធ្វើការបកស្រាយចំពោះចម្ងល់គ្រប់គ្នា ជុំវិញការគ្មានឈ្មោះរបស់ Bale សម្រាប់ជំនួបដ៏សំខាន់នេះ យ៉ាងដូច្នេះថា «វាគឺជាការសន្ទនាផ្ទាល់ខ្លួនដែលខ្ញុំមានជាមួយគេ។ គេបានប្រាប់ខ្ញុំថា គេមិនចង់លេងសម្រាប់ការប្រកួតនេះទេ»។
នៅពេលត្រូវសួរថាតើ Bale នឹងចាកចេញពីក្រុម Real Madrid ? គ្រូបង្វឹកបារាំងវ័យ ៤៨ឆ្នាំដដែលបានឆ្លើយថា«ខ្ញុំមិនដឹងទេ។ ឥឡូវនេះគេគឺជាកីឡាកររបស់ Real Madrid ។ ហើយមិនទាន់បានធ្វើការផ្លាស់ប្តូរទេ។ គេគឺជាកីឡាកររបស់យើង។ ខ្ញុំមានការគោរពចំពោះគេ ដូចជាមនុស្សគ្រប់គ្នាក្នុងក្រុមដែរ»។
សូមរលឹកជូនថា Real Madrid បានចាញ់ក្រុមភ្ញៀវ Man City ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ នៅប្រទេសអេស្ប៉ាញកាលពីខែកុម្ភៈ។ ពោលមុនពេលការរាតត្បាតឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដែលបណ្តាលឱ្យការប្រកួតបាល់ទាត់ទាំងអស់លើពិភពលោក ត្រូវបានផ្អាកអស់ជាច្រើនខែ៕ (ដកស្រង់ចេញពី BBC) ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព