លោកមហាសេដ្ឋីជេហ្វ បេសូស (Jeff Bezos) ដែលជាបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ព្រមទាំងជាស្ថាបនិករបស់អង្គការសប្បុរសធម៌ដែលមានមូលនិធិសរុប ២ប៊ីលានដុល្លារមានកិច្ចការច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះអ្នកប្រហែលជាគិតថាលោកត្រូវបង្ខំខ្លួនឲ្យក្រោកពីដំណេកតាំងពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ប្រជុំជាមួយមនុស្សរាប់សិបអ្នក និងធ្វើការដល់យប់ជ្រៅជារៀងរាល់ថ្ងៃដែរហើយ។
ប៉ុន្តែការពិតជាក់ស្តែង លោកមិនបានធ្វើដូច្នេះទេ។ ផ្ទុយមកវិញ លោកមានទម្លាប់ល្អៗក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនដូចខាងក្រោមនេះ៖
១. លោកចូលដំណេកបានច្រើន
ការសិក្សាជាច្រើនបានប្រទះឃើញថា ការចូលដំណេកបានស្កប់ស្កល់ល្អជួយឲ្យមនុស្សគិតបានច្បាស់លាស់ ចងចាំព័ត៌មានបានល្អ និងធ្វើការសម្រេចចិត្តបានល្អជាងមុនផងដែរ។ ពេលដែលមនុស្សម្នាក់ចូលដំណេកមិនបានល្អ សមត្ថភាពក្នុងការរៀន ធ្វើការ និងការបំពេញសកម្មភាពផ្សេងៗក្នុងជីវិតក៏ចុះខ្សោយតាមនោះដែរ ។ លោកបេសូសជឿជាក់លើទស្សនៈនេះណាស់ និងតែងតែធានាថាលោកអាចចូលដំណេកបានពីព្រលប់ ឬយ៉ាងហោចណាស់ឲ្យបាន ៨ ម៉ោងជារៀងរាល់ថ្ងៃ។
២. លោកមិនចូលប្រជុំមុនម៉ោង ១០ព្រឹកទេ
លោកបេសូសមានទម្លាប់ទុកពេលព្រឹករបស់លោកសម្រាប់ការអានកាសែត ផឹកកាហ្វេ និងទទួលទានអាហារពេលព្រឹកជាមួយកូនៗទៅវិញ។ វាអាចជាការខ្ជះខ្ជាយពេលវេលាសម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាជួយដល់ប្រសិទ្ធភាពការងាររបស់លោកវិញ។
៣. លោកធ្វើការសម្រេចចិត្តតិចណាស់ក្នុងមួយថ្ងៃ
លោកបេសូសបានចែករំលែកថា ការងារសំខាន់ជាងគេរបស់លោកគឺការធ្វើការសម្រេចចិត្តតិចបំផុតក្នុងមួយថ្ងៃ។ លោកបានចែករំលែកថា ប្រសិនបើលោកអាចសម្រេចចិត្តល្អៗបានបីដងក្នុងមួយថ្ងៃនោះ វាគ្រប់គ្រាន់ហើយសម្រាប់លោក។
តែវាមិនមែនមានន័យថាលោកធ្វើការសម្រេចចិត្តដោយយឺតៗទេ។ ផ្ទុយមកវិញលោកជាមនុស្សដែលចូលចិត្តធ្វើការសម្រេចចិត្តបានលឿនដែលជារឿងពិបាកមួយក្នុងក្រុមហ៊ុនធំៗ ៕ ផ្ដល់សិទ្ធិដោយ៖ កៅះសន្តិភាព