Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្តី​-​ប្រពន្ធ​មួយគូ​សម្រេច​បំណង​ឈាន​ដល់​ការ​បើក​កសិដ្ឋាន​កូន​ទន្សាយ​មាន​តែ​មួយ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ដំបូង​ឡើយ​វា​គ្រាន់តែ​ជា​ការ​ចិញ្ចឹមសត្វ​ដោយ​ក្តី​ស្រឡាញ់ តែ​ដោយ​ក្តី​ស្រលាញ់​កាន់តែ​រីក​ធំធាត់​ឡើយ​ចំពោះ​សត្វ​ចិញ្ចឹម​របស់​ខ្លួន ប្តី​-​ប្រពន្ធ​មួយគូ បាន​សម្រេចចិត្ត​បើក​ជា​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទន្សាយ សម្រាប់​ជា​ការ​ជម្រុញ​ការ​ចិញ្ចឹម​ទន្សាយ​នៅ​តាម​គេហដ្ឋាន និង​ទទួល​បាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ដ៏​ធំធេង ជាមួយ​ទើប​ទុន​ដំបូង​តិចតួចស្តួចស្តើង​តែ​ប៉ុណ្ណោះ ។

ប្រាកដ​ណាស់​រាល់​ការ​ចាប់ផ្តើម​នូវ​អាជីវកម្ម​មួយ​ៗ​គឺ​ងាយស្រួល​ក្នុង​ការ​បង្កើត ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​អាជីវកម្ម​ដំណើរការ​បាន​ល្អ​គឺជា​ការ​ពិបាកធ្វើ ដែល​គ្រប់​សហគ្រិន ឬ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​ផ្សេង​ៗ​មិនមែន​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​តាម​ក្តី​ប៉ងប្រាថ្នា​នោះ​ឡើយ ។ ចុះ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទន្សាយ ឆ្លងកាត់​អ្វីខ្លះ​ទម្រាំ​ទទួល​បាន​សមិទ្ធិ​ផល​ដូច​សព្វថ្ងៃ ? បង្កើត​ឡើង​ជាង ១០ ឆ្នាំ​មក​ហើយ Cambofarm Rabbitry ជា​កសិដ្ឋាន​ចិញ្ចឹម​កូន​ទន្សាយ​មាន​តែ​មួយ​នៅ​កម្ពុជា ដែល​បាន​ដែល​បាន​ចាប់ផ្តើម​តាំងពី មាន​ចំនួន​តិច រហូត​កសិដ្ឋាន​នេះ កំពុង​មានពូជ​ទន្សាយ​ល្អ​ៗ ជាង​១០ ពូជ​និង​មាន​ប្រមាណ​ជា​ជាង ១០០០ ក្បាលហើយ​។

ម្ចាស់​កសិដ្ឋាន Cambofarm Rabbitry លោក ស្រេង សុ​វ​ណ្ណា​រិ​ន បាន​និយាយ​ថា បើ​យើង​មើលទៅ​ពិតជា​អាជីវកម្ម​ងាយស្រួល​ណាស់​ប៉ុន្តែ មិន​ដូចនេះ​ទេ បើ​យើង​មិន​មាន​តិច​និក បច្ចេកទេស អនាម័យ ក្នុង​ការ​ចិញ្ចឹម​និង​បង្កាត់​ពូជ​នោះ​ទេ វា​នឹង​អាច​បញ្ហា​។ លោក​បាន​រៀបរាប់​កាល​ក្នុង​ឆ្នាំ ២០១០ លោក​មាន​តែ​ទន្សាយ​មួយគូរ​ទេ ចិញ្ចឹម​ជា​សត្វ​ចិញ្ចឹម​ប៉ុណ្ណោះ មិន​ទាន់​មាន​បំណង​អ្វី​នៅឡើយ​ទេ​។ បន្ទាប់​មក​វា​មានកូន​ច្រើន ហើយ​យើង​ក៏​បាន​លក់​កូន​ទាំងនោះ ក្នុង​តំលៃ​មួយ ១២០០០​រៀល​ទេ​។

លោក សុ​វ​ណ្ណា​រិ​ន បាន​បន្ថែម​ថា «​បន្ទាប់​មក​ខ្ញុំ​បាន​គិតគូរ​គ្នា ប្រសិនបើ​យើង​បើក​កសិដ្ឋាន​មួយ ព្រោះ​កសិដ្ឋាន​សត្វ​នេះ​មើលទៅ​ប្លែក ដោយសារ​ក្នុងស្រុក​មាន​តែ កសិដ្ឋាន ជ្រូក មាន់​ទា គោក្របី ជាដើម ។ អ៊ីចឹង​យើង​បាន​ព្យាយាម​ដាក់​កាយ​ចិត្ត ដើម្បី​បើក​វា​តែ​ម្តង​។ ខ្ញុំ​បាន​ចាប់ផ្តើម​ដើមទុន​ដំបូង ៤០០០ ទៅ ៥០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​មិន​មានពូជ​ច្រើន​ទេ​»​។

បន្ទាប់​មក​លោក​បាន ព្យាយាម​សាកល្បង ចិញ្ចឹម​ច្រើន​ក្នុង​ឆ្នាំ ២០១៣ ដែល​ក្នុង​នោះ​លោក​មាន​សត្វ​ទន្សាយ ត្រឹមតែ​ពីរ​ទៅ​បី​ប្រភេទ​តែ​ប៉ុណ្ណោះ ហើយ​ស្មើនឹង ជាង ២០០ ក្បាល​។ ពេល​នោះ​លោក​បាន​ព្យាយាម​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​ស្រស់ បន្លែ​ផ្សេង​ៗ ឱ្យទៅ​សត្វ​ទន្សាយ​ជាង ២០០​ក្បាល​នោះ​ស៊ី បន្ទាប់​មក​លោក​បាន​សិក្សា​ស្រាវជ្រាវ អំពី​ចំណីអាហារ ដើម្បី​ចិញ្ចឹមសត្វ​ទាំងនោះ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង ដូចនេះ​លោក​បាន​ទាក់ទង​ទិញ​ចំណី ដែល​សម្រាប់​សត្វ​នេះ​តែ​ម្តង​។ តាម​ពិត​សត្វ​ទន្សាយ​ទាំងនោះ គេ​មិន​ដាក់​បន្លែ​ឱ្យ​វា​ស៊ី​ច្រើន​ទេ គេ​មាន​ស្មៅ​ម្យ៉ាង​សម្រាប់​ចិញ្ចឹម​វា​។

យ៉ាងណាមិញ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នេះ ក៏​មាន​ភាព​បរាជ័យ​មួយ​ដែរ ហើយ​ប្រសិនបើ​លោក​មិន​បាន​ជួប​ឧបសគ្គ​នោះ​ទេ លោក​ក៏​មិន​មានពូជ​សត្វ​នេះ​ច្រើន​ដូច​សព​ថ្ងៃនេះ​ដែរ​។ លោក សុ​វ​ណ្ណា​រិ​ន បាន​បន្ថែម​ថា «​នៅ​គ្រា​ដំបូង​ៗ នៃ​ការ​ចិញ្ចឹម​នេះ ខ្ញុំ​បាន​ធ្វើ​ខុស​បច្ចេកទេស ដាក់​ចំណី​ខុស​កំរិត​របស់​វា ដូច​សត្វ​ទន្សាយ​របស់ខ្ញុំ​ជាង ២០០ ក្បាល​ត្រូវ​បាន​ស្លាប់​ទាំងអស់ គឺ​ក្រោយ​ពេល​ខ្ញុំ​បាន​បញ្ជា​រទិញ​ចំណី​ប្រទេស​ថៃ ហើយ​ពេល​នោះ​មិន​ទាន់​ចេះ​នៅឡើយ ដូចនេះ​ទន្សាយ​ខ្ញុំ​ទាំងអស់​ត្រូវ​បាន​ងាប់​។ បើ​គិត​ជា​លុយ​ទៅ គឺ​ស្មើនឹង ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឯនោះ​។ ពីព្រោះ​ពេល​ដែល​វា​ចាប់ផ្តើម​ងាប់​អស់នោះ ជា​ពេល​ដែល​យើង​ប្រមូល​ផល មាន​ន័យ​ថា​មេ​ខ្លះ​កំពុង​មានកូន ឬ​ជិត​កើតកូន ត្រូវ​បាន​ងាប់​ទាំង​កូន​ក្នុង​ពោះ ហើយ​ខ្លះ​ទៀត​ងាប់​កូន​នៅ​ជាមួយ​មេ​ក៏​មាន​»​។

ប៉ុន្តែ​យើង​ក៏​មានសំណាង​ដែរ ដោយ​មាន​បញ្ហា​បែប​នេះ ខាង​ចំណី​នៅ​ក្នុង​ប្រទេស​ថៃ គាត់​បាន​ជួយ​យើង​មក​វិញ​ខ្លះ ដោយ​គាត់​បាន​នាំ​យើង​ទៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទន្សាយ​ក្នុង​ប្រទេស​ថៃ ហើយ​ប្រាប់​ឱ្យ​យើង​រើស​យក​ពូជ​អ្វី​ក៏​បាន ដែល​ការ​រើស​យក​ទាំងនេះ ស្មើនឹង​តម្លៃ​ឬ​លុយ​ដែល​យើង​បាន​ខាតបង់​។ ហើយ​គេ​ចាប់ផ្តើម​បង្រៀន​តិច​និក​នៃ​ការ​ចិញ្ចឹម និង​ការ​ប្រើប្រាស់​ចំណី​។ ហើយ​សត្វ​ទន្សាយ​ដែល​ចេញ​មក​ពី​កសិដ្ឋាន​គេ​នោះ សុទ្ធតែ​មាន​វិ​ជ្ជ​បញ្ជា​ពេទ្យ​ទាំងអស់​ទើប​គេ​ឱ្យ​ចេញ​។

លោក សុ​វ​ណ្ណា​រិ​ន បន្ត​ថា «​ការ​បង្កាត់​ពូជ​ទៀត​សោធន៍ យើង​មិន​អាច​ចេះ​តែ​យក​ទៅ​បង្កាត់​ជាមួយ​មេនេះ ឬ​មេនោះ​បាន​ទេ គឺ​យើង​ត្រូវ​ដាក់​ឱ្យ​ត្រូវ​ពូជ​វា​ទើបបាន​ទៅ​រួច​។ ហើយ​ក្នុង​កសិដ្ឋាន បាន​ធ្វើការ​ប្រុង​ប្រយ័ត្ន​ណាស់ នៅ​ក្នុង​រោង​បង្កាត់​ពូជ​ត្រូវ​បាន​រក្សារ​អនាម័យ លាង​ទឹក​សំអាត មិន​អនុញាត្ត​ឱ្យ​មនុស្ស​ចូល​ផ្តេសផ្តាស់​ទេ ព្រោះ​ខ្លាច​ចំលងរោគ​ផ្សេង​ៗ ពី​សត្វ​ទៅ​មនុស្ស ឬ​ពី​មនុស្ស​ទៅ​សត្វ​ជាដើម​»​។

មក​ដល់​ឥឡូវ​លោក​មិន​ទាន់​គិត​អំពី​ប្រាក់​ចំណេញ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​គិត​យ៉ាង​ដើម្បី​ឱ្យ​ការ​ចិញ្ចឹម​នេះ​ដំណើរការ​ទៅ​មុខ និង​មិន​មាន​សត្វ​ទន្សាយ ត្រូវ​បាន​ស្លាប់​។ លោក សុ​វ​ណ្ណា​រិ​ន បន្ថែម​ថា «​ពួក​យើង​មាន​គោលបំណង​ពង្រីក​ចិញ្ចឹម​នេះ​ផង​ដែរ ដោយ​មាន​គំរោង​ក្នុង​ការ​បើក​កសិដ្ឋាន ចិញ្ចឹម​យក​សាច់​ទន្សាយ ប៉ុន្តែ​មិនមែន​ទន្សាយ​ដែល​យើង​កំពុង​មាន​លក់​សម្រាប់​ជា​សត្វ​ចិញ្ចឹម​នោះ​ទេ ពីព្រោះ​វា​មាន​ប្រភេទ​ទន្សាយ​ផ្សេង​ទៀត ដែល​ត្រូវ​ចិញ្ចឹម​សម្រាប់​តែ​បរិភោគ​ប៉ុណ្ណោះ នៅ​យើង​មិន​ទាន់​មាន​ទេ តែ​នៅ​បរទេស​សាច់សត្វ​នេះ​គេ​ពេញ​និយម​បរិភោគ ក៏​ព្រោះ​សាច់​វា​មិន​មាន​ជាតិ​ខូ​ឡេ​ស​ស្ទឺ​រ៉​ល់ ហើយ​មនុស្ស​វ័យ​ចំណាស់​ក៏​អាច​ពិសារ​បាន មាន​ជាតិ​ប្រូ​តេ​អ៊ឺ​ន ហើយ​រស់ជាតិ​នេះ​ដូច​តែ​សាច់​មាន់​ទេ​»​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​បន្ទាប់​ពី លោក និង​ប្រពន្ធ​គាត់​បាន​ចាប់​យក​អាជីវកម្ម​នេះ​ហើយ អ្នក​ទាំង​ពីរ​ឈប់​ពី​ការងារ​រៀង​ៗ​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កសិដ្ឋាន​មានដំណើរ​ល្អ​៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564175