Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចេះ​បែងចែក​ការ​ចាយ​លើ ៣ ផ្នែក​នេះ​ច្បាស់​នោះ​ជីវិត​នឹង​រស់នៅ​បាន​ល្អ​មិន​វិលវល់​ឡើយ

រាជធានី​ភ្នំពេញ ៖ ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ពិត​ណាស់​តែងតែមាន​តម្រូវការ​នានា និង​ភាព​ចាំ​ចាច់​អ្វីមួយ​ក្នុង​ការ​ចាយ​លុយ​របស់​យើង​ដែល​មាន ឬ​ប្រាក់​ចំណូល​ដែល​យើង​រកបាន​។ យ៉ាងណាមិញ អ្នកខ្លះ​មានការ​ចាយវាយ​ដោយ​មាន​កម្រិត រីឯ​ខ្លះ​ទៀត​ការ​ចាយវាយ​ហាក់បីដូចជា​មិនសូវ​ខ្វល់​អំពី ភាព​ចាំបាច់​នៃ​ការ​ចាយ​លុយ​នោះ​ទេ ​។

ការ​ចាយវាយ​ទៅ​លើ​របស់​ចាំបាច់ និង​របស់​ដែល​ស្រឡាញ់ គឹ​មាន​ភាព​ខុស​គ្នា ដូចនេះ​ហើយ​យើង​ម្នាក់​ៗ​គួរ​យល់​ដឹង អំពី​តម្រូវការ និង​ការ​ចង់បាន​។ លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បានឱ្យ​ដឹង​ថា «​ប្រសិនបើ​យើង​អាច​ធ្វើ​បាន ៣ ចំណុច​នេះ​ហើយ នោះ​ជីវិត​យើង​នឹង​មិន​វិលវល់ ឬ​ខ្ជះខ្ជាយ​លុយកាក់​ដោយ​ឥតប្រយោជន៍​នោះ​ទេ​»​។

ក្នុង​មួយ​ខែ​ៗ នៃ​ប្រាក់​ចំណូល ឬ​ប្រាក់ខែ​របស់​យើង យើង​គួរតែ​បែងចែក​ឱ្យ​ច្បាសលាស់ ហើយ​ក៏​ត្រូវ​តែ​អនុវត្ត និង​ការ​តាំងចិត្ត​ខ្ពស់​ផង​ដែរ​។ លោក ស៊ា​ន ធនិន បន្ត​ថា ប្រាក់ខែ​យើង គួរ​បែងចែក​ជា ៣ ប្រភេទ ទី​១ ៥០​ភាគរយ​នៃ​ប្រាក់ខែ​, ទី​២ ៣០​ភាគរយ​នៃ​ប្រាក់ខែ និង​ទី​៣ ២០​ភាគរយ​នៃ​ប្រាក់ខែ​។ អ្នកជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ រូប​នេះ បាន​បន្ត​ថា «៥០​ភាគរយ ត្រូវ​ចាយ​ទៅ​លើ​ភាព​ចាំបាច់​ក្នុង​គ្រួសារ ក្នុង​នោះ​យើង​រាប់​ទៅ​លើ ការ​ចំណាយ​ទៅ​លើ​ម្ហូបអាហារ ចំណាយ​ទៅ​លើ​សំលៀក​បំពាក់ ចំណាយ​ទៅ​លើ​ថ្នាំ​ស​ដ្កូ​វ​ពេល​យើង​ឈឺ ចាយ​លើ​ថ្លៃបង់​សាលា​កូន ចាយ​លើ​ទឹក​ភ្លើង ឬ​បើ​មិន​មានផ្ទះ​ខ្លួនឯង​ត្រូវ​បង់ថ្លៃ​ផ្ទះ​ជួល ជាដើម​»​។ សម្រាប់​ការ​ចំណាយ ទី​២​នោះ លោក ស៊ា​ន ធនិន បាន​បន្ត​ថា «៣០​ភាគរយ គឺជា​ការ​ចំណាយ​ណា ដែល​ឆ្លើយ​តប​ទៅ​លើ ភាព​ចង់បាន ឬ​គេ​ហៅ​ថា របស់​ដែល​យើង​ស្រឡាញ់​នោះ​ឯង​។ ប៉ុន្តែ​ការ​ចង់បាន​ត្រង់នេះ មាន​ន័យ​ថា​អាច​អត់​អាច​បាន ចង់បាន​ខោអាវ​ប្រេ​ន ម៉ូតូ​ល្អ ឡាន​ម៉ាក​ល្អ ទាំង​អស់នេះ​ហើយ ដែល​ជា​ការ​ចង់បាន​។ ដូចនេះ​ប្រ​សិន​យើង គិត​មើល ៨០ ភាគរយ បាន​ចំណាយ​ទៅ​លើ ភាព​ចាំបាច់ និង​ការ​ចង់បាន​ទៅ​ហើយ ដូចនេះ តើ​យើង​នៅ​សល់ ២០​ភាគរយ​ទៀត​យក​ទៅ​ធ្វើ​អ្វី​»​។

ទី​៣ ២០​ភាគរយ គឺជា​ការ​ចាយ​ទៅ​ការ​សន្សំ និង​ការ​វិនិយោគ​។ លោក​បាន​បន្ថែម​ថា «​ការ​ចាយ​ទៅ​លើ​ការ​វិនិយោគ គឺជា​ការ​ចាយ ដើម្បី​រំពឹង​ផល​ចំណេញ ឬ​នឹង​មាន​ផលប្រយោជន៍​អ្វីមួយ​ត្រឡប់​មក​វិញ​។ ឧទាហរណ៍ យើង​យក​លុយ​ទៅ​ដាក់​សន្សំ ក្នុង​ធនាគារ ដូចនេះ​ប្រាកដ​ណាស់​ថា​យើង​នឹង​រំពឹង ថា​បានការ​ប្រាក់​មក​វិញ​។ ឬ​ក៏​អាច​ថា​អ្នកខ្លះ យក​លុយ​ទៅ​ទិញ​ភាគហ៊ុន ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​ចំណេញ​ទេ​ភាគហ៊ុន ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ហាងឆេង​ដែរ​។ មួយវិញទៀត យើង​អាច​យក​លុយ​ទៅ​វិនិយោគ ទៅ​លើ​ដី ឬ​ផ្ទះ ចឹ​ង​ទៅ ទាំងនេះ​យើង​អាច​ធ្វើ​បាន វា​អាច​ចំណេញ នៅ​ពេល​ណាមួយ​»​។ មានការ​គ្រប់គ្រង​លុយ​ឬ​ប្រាក់ខែ​ប៉ុណ្ណឹង​ហើយ មិន​ប្រាកដ​ថា​អាច​គ្រប់គ្រាន់​ទេ ទាល់តែ​យើង​មានការ​តាំងចិត្ត​និង​ការ​ប្តេជ្ញា​ខ្ពស់​ទៀត​ផង​ដែរ​។ អ្នកខ្លះ​ដោយសារ​ការ​ចង់បាន​នឹង​ខ្លាំង មិន​បាន​គិត​ទេ ទៅ​ដក​លុយ​ដែល​សន្សំ ឬ​ទុក​វិនិយោគ​នឹង​ទៅ​ចាយ ចឹ​ង​មាន​ន័យ​ថា​ការ​ចាយ​ទៅ​លើ​ភាព​ចង់បាន​នេះ​វា​អស់​បាត់​ទៅ​ហើយ​៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9564161