
រាជធានីភ្នំពេញ ៖ តារសម្តែងនាង ពៅ លីដា មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងបានបាត់វត្តមានសម្តែងនៅក្នុងខ្សែភាពយន្តទាំងស្រុង ក្នុងពេលដែលតារាថ្មីៗកំពុងតែប្រជែងគ្នាចាប់យកតំណែងជាតួឯកបន្តបន្ទាប់ ដែលបានធ្វើឲ្យរូបនាង និងតារាចាស់ៗមួយចំនួនទៀតក៏បានបាត់មុខដូចគ្នា។
យ៉ាងណា ពៅ លីដា បានចេញមុខអះអាងទទួលស្គាល់ពីការបាត់មុខពីការសម្តែងភាពយន្តមួយរយៈចុងក្រោយនេះពិតប្រាកដមែន តែនាងមិនបានចេញទៅណាឆ្ងាយពីអាជីពសម្តែងនេះឡើយ ពោលគឺនាងនៅបន្តបង្ហាញមុខឡើងទូរទស្សន៍នានាដដែល ប៉ុន្តែដោយសារមានបញ្ហាមួយចំនួន ទើបធ្វើឲ្យសម្រេចផ្អាកការសម្តែងមួយរយៈ។ តារាសម្តែងសប្បុរស្រអែមស្រស់នាង ពៅ លីដា បានអះអាងថា មួយរយៈនេះនាងបានអាក់ខានមិនបានសម្តែងភាពយន្តថ្មីៗឡើយ ដោយសារនាងមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលនោះជាមូលហេតុដ៏ចម្បងដែលនាងមិនទាន់ហ៊ានទទួលយកការសម្តែងភាពយន្ត។ នាងបញ្ជាក់ថា កន្លងមក មានផលិតកម្មមួយចំនួននៅតែទាក់ទងឲ្យរូបនាងសម្តែងជាធម្មតា ប៉ុន្តែដោយសារតែភាពយន្តដែលនាងសម្តែងនោះជារឿងបុរាណ ហើយរូបនាងបានដាក់គៀបធ្មេញដែកមិនអាចត្រូវនឹងសាច់រឿងទាំងនោះ ទើបនាងខកខានមិនបានសម្តែង។ ពៅ លីដា បានឲ្យដឹងបន្ថែមទៀតថា មានហេតុផលមួយទៀតដែលធ្វើឲ្យនាងមិនសូវជាបានសម្តែង គឺនាងត្រូវដកឃ្លាពេលទំនេរចុងសប្តាហ៍ គឺនាងត្រូវដាំដុះដំណាំផ្លែឈើនៅលើផ្ទៃដីដែលនាងបានទិញនៅខេត្តពោធិ៍សាត់ ដើម្បីបង្កបង្កើនផល ក្រៅពីការងារសិល្បៈ។
នាងថា បច្ចុប្បន្ននាងក៏មានការមមាញឹកផងដែរ ព្រោះក្រៅពីការងារនៅភ្នំពេញ គឺរាល់ថ្ងៃសៅរ៍ នាងនឹងគ្រួសារត្រូវចុះទៅកើត ដើម្បីដាំដំណាំផ្សេងៗ ខណៈពេលដែលនាងក៏មិនចង់ចោលឱកាសនៃការធ្វើចំការបន្ទាប់បន្សំ ក្រៅពីការងារសិល្បៈនេះផងដែរ។ គួរបញ្ជាក់ថា តារាសម្តែងនាង ពៅ លីដា ត្រូវបានថតបញ្ចប់នូវរឿងភាគចុងក្រោយ គឺរឿង «ក្រមុំឆ្នាស់ ប៉ះមេស្រុកឆ្នើម» ដែលបានចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍កាលពីពេលថ្មីៗនេះ ក្រោយពីនោះមកនាងហាក់មិនបានបង្ហាញវត្តមានសម្តែងភាពយន្តភាគបន្ថែមទៀតឡើយ ពោលគឺនាងបានត្រឹមបង្ហាញមុខចូលរួមលេងកំសាន្តក្នុងកម្មវិធីមួយចំនួនរបស់ស្ថានីយទូរទស្សន៍នានាប៉ុណ្ណោះ៕ ដោយ៖ ត្នោត