អន្តរជាតិ ៖ ក្រុម Manchester United, Inter Milan, Copenhagen និង Shakhtar Donetsk ក្លាយជាក្រុមទាំងបួនដំបូងគេ ដែលបានកក់កៅអីវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League។
ក្រុមតំណាងអង់គ្លេស Man United បានយកឈ្នះលើក្រុមតំណាងអូទ្រីស LASK សរុបទាំងពីរជើង ៧-១។ រីឯក្រុមតំណាងដាណឺម៉ាក Copenhagen បានយកឈ្នះលើក្រុមតំណាងតួកគី Basaksehir សរុបទាំងពីរជើង ៣-១។ ខណៈដែលក្រុមតំណាងអ៊ុយក្រែន Shakhtar Donetsk ក៏បានយកឈ្នះលើក្រុមតំណាងអាល្លឺម៉ង់ Wolfsburg សរុបទាំងពីរជើង ៥-១។ ដោយឡែកក្រុមតំណាងអ៊ីតាលី Inter Milan ដែលខកខានការប្រកួតជើងទី១ ដោយសារការផ្ទុះឡើងនៃវីរុសកូវីដ១៩ ក៏បានយកឈ្នះលើក្រុមតំណាងអេស្ប៉ាញ Getafe ដោយលទ្ធផល ២-០ ក្នុងការប្រកួតមួយលើកយកចាញ់ឈ្នះ។
ឆ្លងតាមលទ្ធផលនៃការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ ដែលបានធ្វើឡើងកាលពីថ្ងៃទី១០ កក្កដាកន្លងទៅឃើញថា Man United នឹងត្រូវប៉ះ Copenhagen ខណៈដែល៣ក្រុមផ្សេងទៀត ត្រូវរកចាំលទ្ធផលការប្រកួត ៤គូដទៃទៀតនៅវគ្គ១៦ក្រុមចុងក្រោយជើងទី២ ដែលនឹងត្រូវលេងនៅក្នុងរាត្រីនេះ។ សូមជម្រាបជូនថា ការប្រកួតវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី ១០-១១ ខែសីហាខាងមុខ ដែលធ្វើឡើងនៅទឹកដីអព្យាក្រឹត (ដីកណ្តាល) នៅប្រទេសអាល្លឺម៉ង់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព