បាងកក ៖ មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសថៃ លោក អាភីរ៉ាត គង់សមផុង (Apirat Kongsompong) នៅថ្ងៃពុធ ទី៥ សីហា ២០២០នេះ បានប្រាប់នាយទាហានថា ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយីប្រទេសនេះ គឺជាការគំរាមកំហែងដ៏មួយធំ ខ្លាំងជាងវីរុសកូវីដ-១៩ រាតត្បាតទៅទៀត ព្រោះថា ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងៗ ។
នគរថៃនេះ បានធ្វើបាតុកម្ម ស្ទើរតែរាល់ថ្ងៃ អស់រយៈពេលជាងពីរសប្តាហ៍ ដោយប្រជាជនថៃ វ័យក្មេងភាគច្រើន ដែលបាននាំគ្នាប្រមូលផ្តុំ ពិសេសនៅពេលយប់តវ៉ា ចំពោះរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយអតីតមេបញ្ជាការកងទ័ពគឺលោក ប្រាយុទ្ធ ចាន់អូចា ។
ក្នុងដំណើរទស្សនកិច្ច នៅសាលាយោធាមួយ នៅព្រឹកថ្ងៃពុធនេះ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ អាភីរ៉ាត បាននិយាយយ៉ាងចំៗអំពី “ជំងឺ” នៃការរិះគន់ប្រទេសមួយនេះថា “កូវីដ-១៩ អាចព្យាបាលបាន ប៉ុន្តែជំងឺដែលមិនអាចព្យាបាលបាន គឺការស្អប់ខ្ពើមរបស់ប្រទេសជាតិ” ។ឧត្តមសេនីយ៍ អាភីរ៉ាត បន្តថា យើងមិនអាចព្យាបាលមនុស្ស ដែលស្អប់ជាតិរបស់ខ្លួនឯងបានទេ ។
សូមជម្រាបថា រដ្ឋបាលរបស់លោក ប្រាយុទ្ធ ប្រឈមមុខនឹងការរិះគន់ ចំពោះការគ្រប់គ្រងរបស់ខ្លួន ចំពោះជំងឺឆ្លងរាតត្បាត ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ និងធ្វើឲ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ ។
ក្រុមអ្នកតវ៉ា វ័យក្មេងភាគច្រើន បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ត្រូវទម្លាក់ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់ដោយយោធា កាលពីឆ្នាំ២០១៧ ៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព