វៀតណាម ៖ យោងតាមក្រសួងសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ថា ប្រទេសវៀតណាម បានបញ្ជាក់ថាមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដទី៨ហើយ។
បុរសអាយុ៦៥ឆ្នាំម្នាក់ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ និងខ្សោយតម្រងនោម និងបញ្ហាសុខភាពផ្សេងទៀត។ អ្នកជំងឺដែលត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យដាណាំង កាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីការព្យាបាលរយៈពេល៥ខែសម្រាប់ជំងឺតម្រងនោម ត្រូវបានធ្វើតេស្តឃើញថា មានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែកក្កដា។
មុននេះ ស្ត្រីអាយុ៦២ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារកូវីដ១៩ និងជំងឺខ្សោយតម្រងនោម។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដាណាំង ថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា ហើយបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកក្កដា មុននឹងបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងហឺ។
ការផ្សាយរបស់ក្រសួងសុខាភិបាលវៀតណាម Suc Khoe Doi Song បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល Nguyen Truong Son បាននិយាយថា អ្នកជំងឺកូវីដមួយចំនួនទៀត មានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតដោយសារបញ្ហាសុខភាព និងអាយុចាស់។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងមេរោគកូវីដ១៩ ចំនួន ៦៥២ករណី ដែលក្នុងនោះមាន ២៧០ករណីកំពុងត្រូវបានព្យាបាល៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព