សម្តេចតេជោ៖ បងប្អូនរស់នៅតាមដងទន្លេ និងប្រកបរបរចុះទូកនេសាទសូមប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ ដោយសារមួយរយៈចុងក្រោយនេះមានភ្លៀង និងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រេីនខ្នង ។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ »។
សម្តេចតេជោបានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានឲ្យបានជាប់នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
ទន្ទឹមនឹងនេះដែរ ក៏សូមបងប្អូនប្រជាលរដ្ឋការពារខ្លួនកុំអោយឆ្លងជំងឺ covid-19 ទោះបីប្រទេសយេីងពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ៕ ដោយ៖ ត្នោត