ស្ថាប័នជំនាញខាងហិរញ្ញវត្ថុដាស់តឿនពលរដ្ឋ «កុំទៅខ្ចីប្រាក់ពីកន្លែងគ្មានច្បាប់ទេ» បើមិនចង់វណ្ឌ.ក
រាជធានីភ្នំពេញ ៖ ស្ថាប័នជំនាញខាងហិរញ្ញវត្ថុបានធ្វើការណែនាំដល់ប្រជាពលរដ្ឋថា «មិនគួរទៅខ្ចីប្រាក់ពីកន្លែងដែលគ្មានច្បាប់ទេ» ។ កន្លែងគ្មានច្បាប់ងាយស្រួលខាតប្រយោជន៍ ហើយការប្រាក់ខ្ពស់ទៀត។
អង្គភាពជំនាញលើកឡើងថា បញ្ហាហិរញ្ញវត្ថុ គឺជាបញ្ហាចំបងដែលតែងតែកើតមានឡើង ជាពិសេស គឺក្នុងកំឡុងពេលដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះជាហេតុនាំឱ្យមនុស្សភាគច្រើនជួបការលំបាកក្នុងការរកចំណូល ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ក្នុងនោះដែរពួកគេក៏នឹងអាចត្រូវការប្រាក់បម្រុងខ្លះសម្រាប់ដោះស្រាយបញ្ហាផ្សេងៗផងដែរ។
ដូច្នេះពួកគេប្រហែលជាត្រូវការកម្ចីក្នុងរយៈពេលខ្លីមួយ ដើម្បីទុកសម្រាប់ត្រៀមការចំណាយរបស់ពួកគេ។ នៅក្នុងអត្ថបទដែលបានផ្សាយលើបណ្តាញសង្គមរបស់ខ្លួនសមាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិកជាង១០០អង្គភាព ដែលឲ្យប្រាក់ពលរដ្ឋខ្ចីបានបង្ហាញ ជម្រើសចំនួន ៥ ដែលអាចផ្តល់ប្រាក់កម្ចីដល់ពលរដ្ឋមានធនាគារ មីក្រូហិរញ្ញវត្ថុ បញ្ចាំ ចងការ និងខ្ចីពីមិត្តភក្តិ ឬគ្រួសារ។ ខ្ចីប្រាក់ពីធនាគារ មិនប្រាកដរាល់សំណើសុំកម្ចីសុទ្ធតែនឹងអាចទទួលបាននូវការផ្តល់កម្ចីនោះទេ។
ជាក់ស្តែងក្នុងករណីដែលអ្នកត្រូវការកម្ចីក្នុងចំនួនច្រើននោះធនាគារនឹងធ្វើការសិក្សាបន្ថែមទៅលើប្រាក់ចំណូលប្រចាំខែរបស់អ្នក ដើម្បីវាស់វែងមើលថា តើអ្នកមានសមត្ថភាពក្នុងការសងត្រឡប់វិញដែរ ឬទេ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏ត្រូវការនូវទ្រព្យសម្បត្តិដាក់តម្កល់ ឬមានអ្នកធានាផងដែរ ហើយកម្ចីដែលគេអាចផ្តល់ឱ្យ គឺត្រូវស្ថិតនៅក្រោមតម្លៃនៃទ្រព្យទាំងនោះ។
ចំពោះមីក្រូហិរញ្ញវត្ថុ អាចផ្តល់ភាពងាយស្រួលជាងធនាគារដល់អ្នកខ្ចីប្រាក់ដោយហេតុថា កម្ចីខ្លះ គឺតម្រូវឱ្យមានត្រឹមតែឯកសារចាំបាច់ដែលត្រូវមានទៅតាមគោលការណ៍តែប៉ុណ្ណោះ។ ក៏ប៉ុន្តែប្រាក់កម្ចីដែលទទួលបាន គឺមានកម្រិតទាបជាង។
ចំពោះការបញ្ចាំវិញ អាចសន្មតបានថា ជាសេវាកម្ចីបាន ដោយហេតុថាអ្នកខ្ចីនឹងទទួលបាននូវប្រាក់មកប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហារបស់អ្នកបាន ប្រសិនបើអ្នកធ្វើការតម្កល់ទុកទ្រព្យសម្បត្តិរបស់អ្នក ហើយអ្នកក៏នឹងទទួលបានទ្រព្យសម្បត្តិអ្នកត្រឡប់មកវិញនៅពេលអ្នករកប្រាក់ដើម្បីបង់លោះបាន។ ដូច្នេះ ក្នុងករណីដែលអ្នកអាចរកប្រាក់បានលឿន នោះអ្នកក៏នឹងទទួលបាននូវទ្រព្យសម្បត្តិរបស់អ្នកលឿនដូចគ្នា។ ស្ថាប័នជំនាញបានបន្តថា ចំពោះការចងការវិញ ការធ្វើបែបនេះមិនសូវជាមានភាពផ្លូវការនោះទេ ដោយសារតែពេលខ្លះមានត្រឹមតែលិខិតកិច្ចសន្យា ឬមិនមានទៅតាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ។ ដូច្នេះ ភាគច្រើនអ្នកដែលធ្វើការចងការទាំងនេះនឹងផ្តល់ប្រាក់ទៅដល់មនុស្សដែលអាចទុកចិត្តបានតែប៉ុណ្ណោះ តែការប្រាក់របស់គេប្រហែលជាខ្ពស់ ដោយសារតែហានិភ័យវាក៏ខ្ពស់ដូចគ្នា។ ចំណែកកម្ចី ពីគ្រួសារ ឬមិត្តភក្តិ មិនមែនគ្រប់ពេលអ្នកត្រូវការគឺនឹងអាចទទួលបានប្រាក់កម្ចីនោះទេ ដោយសារពួកគេក៏នឹងអាចត្រូវការប្រាក់ទុកសម្រាប់ធ្វើការប្រើប្រាស់ផ្ទាល់ផងដែរ។ ស្ថាប័នជំនាញបានបង្ហាញ៥នេះដល់ពលរដ្ឋនិងបានដាស់តឿនថា «អ្នកគួរមានការគិតឱ្យបានល្អិតល្អន់ក្នុងការជ្រើសរើសជម្រើសណាមួយដែលគិតថាល្អសម្រាប់តម្រូវការរបស់អ្នក ដែលក្នុងនោះក៏ទាមទារឱ្យអ្នកមានភាពច្បាស់ លាស់ចំពោះលទ្ធភាពនៃការសងត្រឡប់ផងដែរ»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព