រថយន្តព្រូសបុកកង់បីខ្មែរដាច់ជាពីរហើយបើករត់ត្រូវរថយន្តទំនើបដេញតាមជ្រុលបុករថយន្តដឹកប្រេងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តម៉ាកព្រូសមួយគ្រឿងបើកបុកកង់បីខ្មែរដាច់ជាពីរនិងរងរបួសធ្ងន់ម្នាក់ រួចហើយក៏ព្យាយាមបើករត់ តែត្រូវបានរថយន្តស៊េរីទំនើបម៉ាកLexusRX350 ឃើញ ក៏ដេញតាមយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងចម្រុះ36000Lកំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរកាលពីវេលាម៉ោង១ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានបុរសម្នាក់បើកម៉ូតូសណ្ដោង(កង់បីខ្មែរ)បានដឹកបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងមកជើង លុះមកដល់ស្ទុបពេទ្យព្រះអង្គឌួង ក៏មានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BG-7924 មកបុកម៉ូតូសណ្ដោងពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងដាច់ចេញជាពី និងធ្វើឲ្យបុរសជនជាតិបរទេសម្នាក់រងរបួសធ្ងន់ផងដែរ៕
ភ្លាមនោះរថយន្តម៉ាកព្រូសមិនឈប់ទទួលខុសត្រូវនោះទេ ក៏ព្យាយាមបើករត់ ធ្វើឲ្យម្ចាស់រថយន្តស៊េរីទំនើបម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-4321 ទើសចិត្តក៏បើករថយន្តដេញតាមយ៉ាងលឿនរហូតមកដល់ផ្លូវព្រះមុនីវង្ស ទល់មុខប៉ុស្ដិ៍នគរបាលស្រះចកមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុន PTT ចម្រុះ36000L កំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង។
បណ្ដាលឲ្យរថយន្តLexusរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឯរថយន្តដឹកប្រេងក៏បានខ្ទេចកាងក្រោមជាច្រើនផងដែរ តែមិនបណ្ដាលឲ្យបែកសាទែនប្រេងផ្ទុះឆេះនោះឡើយ ហេតុការណ៍នេះ បានធ្វើឲ្យបុរសម្នាក់ជាជនជាតិបរទេសម្នាក់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលមន្ទីពេទ្យកាល់ម៉ែត្រ៕
ក្រោយកើតហេតុ វត្ថុតាងរួមមាន ៖ ម៉ូតូសណ្ដោង(កង់បីខ្មែរ) ,រថយន្តបង្កម៉ាកព្រូស ,រថយន្តស៊េរីទំនើបម៉ាកLexus និងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនPTT ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះតាមច្បាប់នៅពេលក្រោយ ៕ ផេង ភាព