(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៥ ខែសីហានេះ បានបង្ហោះសារសម្តែងការសោកស្តាយ ចំពោះហេតុការណ៍ផ្ទុះដ៏ធំមួយនៅប្រទេសលីបង់។
ឯកឧត្តមបានថ្លែងសារថា៖ ខ្ញុំពិតជាមានក្ដីរន្ធត់ក្រៃលែងដោយបានទទួលដំណឹងពីឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នេះ។
ជាមួយនឹងអារម្មណ៏សោកស្ដាយជាពន់ពេកនូវការបាត់បង់អាយុជីវិត និងការរងរបួសប្រជាពលរដ្ឋលីបង់ជាច្រើនពាន់នាក់ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ ខ្ញុំសូមចូលរួមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យអ្នកដែលរងរបួស នៅបេសកកម្មស្វែងរកអ្នកដែលបាត់ខ្លួនក្នុងគំនរផេះផង់ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន ៧៨នាក់បានស្លាប់និងជាង ៣.៧០០ នាក់រងរបួសបន្ទាប់ពីការផ្ទុះដ៏ធំមួយ នៅកំពង់ផែ ក្នុងរដ្ឋធានីបេរុត ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០៕