អេស្ប៉ាញ ៖ អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid និងអេស្ប៉ាញ Iker Casillas បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការក្នុងវ័យ ៣៩ឆ្នាំ នៅលើគេហទំព័រ Twitter របស់ខ្លួនកាលពីម្សិលមិញ។
សូមរំលឹកជូនថា Casillas បានកើតចេញពីយុវជនថ្នាលរបស់ក្លិប Real Madrid ចាប់តាំងពីឆ្នាំ១៩៩០ និងក្លាយជាកីឡាករអាជីពក្នុងឆ្នាំ១៩៩៨ ជាមួយក្រុមឈុត C និង B មុនពេលចូលរួមក្រុមឈុតធំក្នុងឆ្នាំ១៩៩៩។ ដោយបានបង្ហាញខ្លួនចំនួន ៧២៥ប្រកួតអំឡុងពេលអាជីពរយៈពេល ១៦ឆ្នាំរបស់ខ្លួនលើទឹកដី Bernabeu។ និងបានឈ្នះពានរង្វាន់ Champions League ៣ដង, ជើងឯក La Liga ៥ដងរួមទាំងពានរង្វាន់ដទៃទៀតជាច្រើន។ ហើយត្រូវបានចារឈ្មោះជាវីរបុរស Real Madrid ផងដែរ។
ងាកមកកាន់ក្រុមជម្រើសជាតិអេស្ប៉ាញវិញ Casillas ត្រូវបានកោះហៅឱ្យចូលរួមក្នុងឆ្នាំ២០០០ ដោយបានបង្ហាញខ្លួនចំនួន ១៦៧ប្រកួត និងបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង រួមទាំងឈ្នះ Euro ២លើកក្នុងឆ្នាំ២០០៨ និង ២០១២។
អាជីពចុងក្រោយរបស់ Casillas គឺជាមួយក្លិបព័រទុយហ្គាល់ FC Porto បន្ទាប់ពីបានចួលរួមក្នុងឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន ១៥៦ប្រកួត។ ប៉ុន្តែរូបគេមិនបានលេងចាប់តាំងពីគាំងបេះដូង អំឡុងពេលហ្វឹកហាត់កាលពីខែមេសា ឆ្នាំ២០១៩។ នៅទីនោះរូបគេក៏បានឈ្នះជើងឯក Primeira Liga ២ដងផងដែរ។ សមិទ្ធផលអស់ទាំងនេះហើយ វាបានធ្វើឱ្យអ្នកគាំទ្រនៅជុំវិញពិភពលោក ចាត់ទុកអ្នកចាំទីរូបនេះ ជាកីឡាករដ៏ជោគជ័យបំផុតម្នាក់ក្នុងពិភពបាល់ទាត់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព