ការឆ្លងរាលដាលនៃវីរុសCOVID-19 ៖ យោងតាមស្ថិតិរបស់សាកលវិទ្យាល័យចនហុបគីនថា ចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19លើពិភពលោក មកដល់ថ្ងៃទី៣សីហាបានកើនដល់ជាង៦៩០.០០០នាក់ហើយ។
តាមសាកលវិទ្យាល័យនោះថា ចំនួនអ្នកឆ្លងវីរុសមានដល់១៨.១០៩.៩០១នាក់និងអ្នកស្លាប់មានជាង៦៩០.០០០នាក់ គិតត្រឹមម៉ោង១៣ម៉ោងសកល។ សហរដ្ឋអាមេរិករងការប៉ះពាល់ខ្លាំងជាងគេទាំងចំនួនអ្នកឆ្លង ទាំងចំនួនអ្នកស្លាប់ជាមួយអ្នកឆ្លងជាង ៤.៦៦៨.៤០០នាក់ និងអ្នកស្លាប់ជាង១៥៤.៨៦០នាក់ បន្ទាប់មកប្រេស៊ីលដែលមានអ្នកឆ្លង២.៧៣៣.៦៧៧នាក់និងអ្នកស្លាប់៩៤.១០៤នាក់។
ខណៈប្រទេសជាច្រើនកំពុងជួបប្រទះការកើនឡើងវិញនៃការឆ្លងរាលដាលវីរុស អង្គការសុខភាពពិភពលោកWHO កាលពីថ្ងៃទី៣សីហាបានធ្វើយុទ្ធនាការលើកទឹកចិត្ត ឲ្យមនុស្សម្នានាំគ្នាពាក់ម៉ាសការពារ។ ក្នុងយុទ្ធនាការនេះហៅ MASK CHALLENGE អគ្គនាយករបស់WHO លោកTEDROS ADHANOM GHEBREYESUSបានរំឭកថា ការពាក់ម៉ាសគឺជាកាយវិការគន្លឹះមួយ ដើម្បីទប់ការឆ្លងរាលដាលនៃវីរុសCOVID-19 និងតំណាងឲ្យសញ្ញានៃសាមគ្គីភាពមួយ។ លោកបន្តថាដោយពាក់ម៉ាសលោកអ្នកបានបញ្ជូលសារមួយ ដល់បណ្ដាអ្នកនៅវិញខ្លួនយើងថា យើងទាំងអស់គ្នាសុទ្ធតែជិះលើទូកតែមួយជាមួយគ្នា។
WHOបានណែនាំដល់មនុស្សម្នាក់ៗ ឲ្យមានម៉ាសការពារ ដែលពាក់គ្រប់ពេលពិសេសប្រើនៅតាមកន្លែងដែលមានមនុស្សច្រើន។ យុទ្ធនាការនេះរបស់WHOរៀបចំធ្វើ ជាមួយដៃគូឯទៀតៗក៏នឹងចេញផ្សាយផងដែរ បណ្ដាសារវិជ្ចមានស្ដីពីតួនាទីដែលគ្រប់គ្នាត្រូវដើរ ដើម្បីកាត់ផ្ដាច់់ខ្សែសង្វាក់នៃការចម្លងវីរុស។
ប្រមុខWHOអំពាវនាវជាថ្មី ឲ្យគោរពបណ្ដាវិធានការគម្លាតសង្កម ចៀសវាងកុំទៅកន្លែងដែលមានមនុស្សច្រើនអ៊ូអរ ហើយត្រូវខ្ទប់មាត់ក្នុងករណីមានការក្អកនិងសូមឲ្យលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព