ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ យកពូថៅវាយព្រីភ្លើង បណ្តាលឱ្យឆក់បាត់បង់ជីវិតខ្លួនឯងយ៉ាងអាណោចអាធ័ម ខណៈពេលឪពុកម្តាយមិនបាននៅផ្ទះ។ក្មេងរងគ្រោះ ឈ្មោះបញ្ញា ស្រីឡា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានរលាត់ស្បែកលើមេដៃខាងឆ្វេង។ មានឪពុកឈ្មោះ ផល បញ្ញា អាយុ២៦ឆ្នាំ ជាកសិក និងម្តាយឈ្មោះ កុសល់ ចន្ទ្រា អាយុ២១ឆ្នាំ ជាកសិករ។
តាមប្រភពបានអោយដឹងថា ជាយូរមកហើយ ឪពុកម្តាយរបស់ជនរងគ្រោះ បានតខ្សែភ្លើងពីលើផ្ទះ ដាក់ព្រីនៅលើគ្រែក្រោមផ្ទះ សម្រាប់ដាក់កង្ហាដេកលេងពេលថ្ងៃ។ លុះដល់ថ្ងៃទី០៤ សីហា វេលាម៉ោងប្រហែល១០ ឈ្មោះ កុសល់ ចន្ទ្រា ត្រូវជាម្តាយ បានចេញទៅក្រៅដោយទុកឲ្យជនរងគ្រោះនៅលេងជាមួយក្មេងៗនៅក្បែរផ្ទះ ។មួយសន្ទុះក្រោយមក ឈ្មោះ កុសល ចន្ទ្រា ជាម្តាយក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនស្រីរងគ្រោះដេកនៅលើដីមានសភាពស្លេកស្លាំង និងឃើញមានដុំព្រីភ្លើងបែកគំរប និងពូថៅតូចមួយនៅក្បែរនោះដែរ ក៏ឆោឡោឡើង ។ បន្ទាប់មក ឈ្មោះ កុសល ចន្ទ្រា បានស្រែកឱ្យគេជួយ ហើយមានមនុស្សជាច្រើនបានយកក្មេងរងគ្រោះទៅមណ្ឌលសុខភាព តែអកុសល នាងបានបាត់បង់ជីវិតទៅហើយ និងបានរាយការណ៍ជូនសម្ថកិច្ចប៉ុស្តិ៍ សន្លង។
សូមចែករំលែកដល់អាណាព្យាបាលដែលមានកូនតូចៗ សូមកុំប្រហែសឱ្យសោះ ក្នុងការការពារសុវត្ថិភាពរបស់កូនៗ៕
ដោយ៖ត្នោត