ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងប៉ៃលិន បានបង្ហាញពីភាពសប្បាយរីករាយ ខណៈភ្លៀងធ្លាក់ជាច្រើនមេបន្តបន្ទាប់គ្នា បានធ្វើឱ្យដំណាំដំឡូងមីរបស់ពួកគាត់ ដុះលូតលាស់បានល្អ នឹងអាចទទួលបានទិន្នផលខ្ពស់នៅឆ្នាំក្រោយ។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឆៃ សំ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិខាងលើ បានរៀបរាប់ឱ្យដឹងថា ដាំដំឡូងមី៨ហិកតា គាត់ចាប់ផ្តើមដាំ តាំងពីខែឧសភា ឆ្នាំ២០២០។ រយៈពេលត្រឹមតែ៤ទៅ៥ចុងក្រោយនេះ ដំណាំដំឡូងមីរបស់គាត់ ត្រូវទឹកភ្លៀងជារឿយៗឥតដាច់ បណ្តាលឱ្យដុះលូតលាស់បានយ៉ាងល្អ។ “នៅពេលប្រមូលផលឆ្នាំក្រោយ នឹងទទួលបាននូវទិន្នផលខ្ពស់”។
កាលពីឆ្នាំមុន តំបន់របស់គាត់ខ្សត់ទឹកភ្លៀងបន្តិច ដោយចម្ការរបស់គាត់ត្រូវបានដាំជាច្រើនលើកច្រើនសារ ទម្រាំតែដុះលូតលាស់រហូតបានប្រមូលផល។ ប៉ុន្តែនៅឆ្នាំថ្មីនេះ ដាំតែម្តងគត់ មិនចំណាយដើមទុន និងពូជអស់ច្រើននោះទេ។
ជាមួយគ្នាផងដែរំ កសិកររូបនេះមានក្តីរំពឹងថា ឆ្នាំក្រោយតម្លៃដំឡូងមីមាននឹងកើនខ្ពស់ អាចឱ្យគាត់សល់ថវិកា សម្រាប់សងជំពាក់បំណុលគេរួចរាល់ តែបើសិនជាទីផ្សារធ្លាក់ថ្លៃ ទោះបីជាដំឡូងមីល្អប៉ុណ្ណា ក៏លំបាកក្នុងការសល់យកប្រាក់សម្រាប់សងជំពាក់គេ និងទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ៕ ដោយ៖ត្នោត