រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា រាល់ការប្រកួតប្រដាល់នៅលើសង្វៀនគេតែងតម្រូវឱ្យកីឡាករដែលឡើងប្រកួតត្រូវតែពាក់ត្រឡោកការពារប្រដាប់ភេទដើម្បីកុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ យ៉ាងណាក៏ដោយសម្រាប់នារីគឺមិនដូចគ្នាទេ ពោលគឺភាគតិចណាស់ដែលដឹងថា ត្រូវពាក់ទ្រនាប់ជ័រជំនួស ឬមិនពាក់តែម្ដងអាស្រ័យលើការសម្រេចចិត្តរបស់កីឡាការិនីម្នាក់ៗ។
អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង ដែលត្រូវគេស្គាល់ថា គឺជាគ្រូបង្វឹក ជាគណៈកម្មការផ្ដល់ពិន្ទុ និងជាអ្នកឯកទេសនៅក្នុងវិស័យប្រដាល់នារីមួយរូបដែរនោះ បានអះអាងថា សម្រាប់កីឡាករដែលជាបុរស គឺគណៈកម្មការតម្រូវឱ្យពាក់ត្រឡោកជាកំហិតគ្រប់ពេលឡើងរេញ ដោយត្រឡោកដែលយកមកពាក់នោះគឺមិនមែនធ្វើពីត្រឡោកដូងនោះទេ គឺធ្វើពីជ័រ ឬអ៊ីណុក ឬលោហៈផ្សេងៗ ផ្អែកតាមតម្លៃ ។
យ៉ាងណាក៏ដោយត្រឡោក ឬប្រដាប់ការពាររបស់កីឡាករគេនិយមប្រើតែត្រឡោកធ្វើពីជ័រស្វិតនិងពីអ៊ីណុកប៉ុណ្ណោះ ចំណែកពីប្រភេទផ្សេងគឺមិនសូវមានកីឡាករហ៊ានប្រើទេ ។ ត្រឡោកទាំងនេះ សម្រាប់កីឡាករខ្លះ គឺមានផ្ទាល់ខ្លួន តែសម្រាប់កីឡាករភាគច្រើន គឺខាងប៉ុស្តិ៍ផ្ដល់ឱ្យ ពេលប្រកួតរួចប្រគល់ឱ្យវិញ ដូច្នេះមិនមានប្រកាន់ថាជារបស់អ្នកណាម្នាក់នោះទេ។ ក្នុងនោះទៀតសោត ត្រឡោករបស់កីឡាករនីមួយៗក៏ជាប្រភេទខ្សែចងចង្កេះ ដោយមានលក្ខណៈក្ដោបពីក្រៅខោទ្រនាប់ ។ អ្នកស្រីថា សម្រាប់កីឡាករភាគច្រើន ដែលជាកូនសិស្សរបស់អ្នកស្រី គឺមានត្រឡោកពាក់ផ្ទាល់ខ្លួន អត់ឡូកឡំទេ ដើម្បីការពារកុំឱ្យមានបញ្ហាឆ្លងរោគផង។
ពាក់ព័ន្ធនឹងការការពាររបស់កីឡាការិនីវិញ អ្នកស្រីប្រាប់ថា កីឡាការិនី គេមិនពាក់ត្រឡោកដូចកីឡាករទេ តែគេពាក់ជ័រការពារជាជំនួស។
អ្នកស្រីថា ប្រដាប់ការពារនារី គឺជាប្រភេទជ័រដាក់ភ្ជាប់ជាមួយខោស្រាប់ ដោយមិនមែនជាត្រឡោកមានខ្សែចងចង្កេះទេ ខណៈដែលជ័រដាក់ជាប់នឹងខោនេះ ក៏អាចដោះលាងសម្អាតបាន។
អ្នកស្រីថា«សម្រាប់នារី គេអត់ចងកៀបចង្វែកគូទដូចបុរសទេ គឺខោខាងនារី គេមានដាក់ជ័រភ្ជាប់នឹងខោដើម្បីការពារតែម្ដង ខណៈដែលប្រដាប់ការពារនោះ គឺគេប្រើតែជ័រប៉ុណ្ណោះ មិនសូវប្រើអ៊ីណុក ឬដែកដូចខាងបុរសទេ»។ យ៉ាងណាមិញអ្នកស្រីថា កីឡាការិនីច្រើនឡើងមិនសូវចង់ដាក់ប្រដាប់ការពារដែលគេដាក់ភ្ជាប់នឹងខោនោះទេ គឺច្រើនតែសុំដកចេញដោយសារតែវាមានសភាពទើសខ្លាំង លើកលែងត្រូវប្រកួតនៅក្រៅស្រុកទើបបង្ខំចិត្តពាក់ ។
អ្នកស្រីបញ្ជាក់ថា«ជ័រការពារហ្នឹងឥឡូវស្រីៗ(កីឡាការិនី)មិនសូវប្រើទេ ហើយគណៈកម្មការភាគច្រើនក៏មិនសូវបង្ខំផងដែរ ដោយសារតែស្រីៗវ៉ៃគ្នាមិនសូវមានបញ្ហាកន្លែងប្រដាប់ភេទហ្នឹងដូចប្រុសៗទេ តែបើនៅសង្វៀនក្រៅស្រុក អាហ្នឹងគេឱ្យប្រើ ទោះគេដឹងថាមិនប្រើក៏បាន។
អ្នកស្រីថា កូនស្រីអ្នកស្រីទៅប្រកួតក្រៅស្រុកកន្លងមក គឺជ័រសម្រាប់ការពារនោះត្រូវមានខ្លួនឯង អត់មានខាងណាចែកឱ្យទេ ទើបអ្នកស្រីគិតថា ប្រសិនបើក្នុងការប្រកួតនោះកីឡាការិនីមិនពាក់ជ័រការពារចំណុចសំខាន់ ក៏ប្រហែលជាមិនអី ។ ដោយឡែកសម្រាប់ផ្នែកដើមទ្រូង អ្នកស្រីថា សម្រាប់កីឡាការិនី គឺអត់មានពាក់អ្វីការពារនោះទេ គឺពាក់តែអាវទ្រនាប់ប្រភេទស្រីៗឡើងរេញ គឺគ្រប់គ្រាន់។
អ្នកស្រី សាំង សុម៉ាលី បន្តថា ការប្រដាល់ របស់នារី វាមិនមានគ្រោះថ្នាក់នោះទេ ព្រោះ នារីប្រដាល់មិនមានកម្លាំងដៃ ឬកម្លាំងជើងបង្ក ឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ សំខាន់ឲ្យតែចេះ ស្នៀតការពារ និងទប់ទល់ដៃគូពីការវាយលុក ចំកន្លែងគ្រោះថ្នាក់ក្នុងពេលប្រកួតបានហើយ ។
អ្នកស្រីស្នើឲ្យនារីដែលស្រឡាញ់ការប្រដាល់បង្ហាញជំហរចូលហ្វឹកហាត់ ហើយឡើងរេញ កុំខ្លាច ដើម្បីលើកស្ទួយក្នុងអាជីពនេះ ។ អ្នកស្រីថា កីឡាការិនីនៅក្នុងវិស័យប្រដាល់នារីមានមិនច្រើននោះទេមកដល់បច្ចុប្បន្ន ដោយសារតែឪពុកម្ដាយ និងសាច់ញាតិខ្វះការជំរុញ ។
អ្នកស្រីសម្ដែងការព្រួយបារម្ភផងដែរពាក់ព័ន្ធនឹងការហោចទៅរបស់កីឡាការិនីប្រដាល់ប្រសិនបើផ្នត់គំនិតរបស់សង្គមគ្រួសារខ្មែរនៅតែរាំងស្ទះភាពក្លាហានរបស់នារីនៅក្នុងវិស័យប្រដាល់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព