(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី៣ ខែសីហានេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែទទួលបានចំណែកដ៏សំខាន់មួយនៃតម្លៃលក់ប្រតិបត្តិការរបស់កម្មវិធី TikTok ហើយលោកប្រធានាធិបតីរូបនេះក៏បានបានព្រមានផងដែរថានឹងបិទសេវាកម្មរបស់កម្មវិធីវីដេអូមួយនេះនៅលើទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ ប្រសិនបើក្រុមហ៊ុន ByteDance មិនព្រមលក់កម្មវីធីរបស់ខ្លួននោះទេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។
នៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ និយាយថា “កម្មវិធី TikTok នឹងត្រូវបិទនៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខ លើកលែងតែក្រុមហ៊ុន Microsoft ឬនរណាម្នាក់ផ្សេងទៀតអាចទិញក្រុមហ៊ុនមួយនេះបាន នឹងភ្ជាប់ជាមួយកិច្ចព្រមព្រៀងសមស្របមួយដែលអាចឲ្យរតនាគារសហរដ្ឋអាមេរិកនឹងទទួលបានប្រាក់យ៉ាងច្រើន” ។ លោក ដូ ណាល់ត្រាំ បានយល់ព្រមផ្តល់ឪកាសឲ្យក្រុមហ៊ុន ByteDance របស់ចិនរយៈពេល ៤៥ ថ្ងៃដើម្បីចរចាការលក់កម្មវិធីវីដេអូខ្លីពេញនិយម TikTok ទៅឲ្យក្រុមហ៊ុន Microsoft ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទទួលចំណែកនៃថ្លៃទិញក្រុមហ៊ុន TikTok តម្លៃប្រមាណ ៥០ ពាន់លានដុល្លារយ៉ាងដូចម្តេចនោះទេ។
សូមជម្រាបជូនថា ការផ្លាស់ប្តូរចិត្តរបស់ប្រធានាធិបតីរូបនេះបានកើតឡើងបន្ទាប់ពីសប្តាហ៍មុនលោកគ្រោងនឹងបិទប្រតិបត្តិការរបស់កម្មវិធីវីដេអូ TikTok ដែលជាកម្មវិធីគ្រប់គ្រងដោយជនជាតិចិន ឱ្យបានឆាប់រហ័ស ដោយសារតែបារម្ភពីសន្តិសុខជាតិរបស់អាមេរិក បន្ទាប់ពីក្រុមហ៊ុនមួយនេះច្រានចោលការលក់ទៅឱ្យក្រុមហ៊ុន Microsoft ៕