រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះពលរដ្ឋខ្មែរមួយចំនួនកំពុងពេញនិយមក្នុងការចិញ្ចឹមសត្វចិញ្ចឹមផ្សេងៗដូចជា កូនសុនខ (ឆ្កែ) ឆ្មាក៏ដូចជា ទន្សាយនៅតាមគេហដ្ឋាន ដើម្បីបង្កើតនូវវប្បធម៌នៃការចេះស្រលាញ់សត្វដល់កូនៗក៏ដូចជា បង្វែរចំណាប់អារម្មណ៍កូនៗពីការចំណាយពេលវេលាច្រើនពេកលើការលេងគ្រឿងអេឡិចត្រូនិក ។
នៅពេលដែលនិយាយសម្រស់កូនទន្សាយនោះ លោកអ្នកពិតជាលាន់មាត់សរសើរថាពិតជា ខ្យូតៗគួរឲ្យបេតីខ្លាំងណាស់ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺលោកអ្នកពិតជាបែកភ្នែកធំៗជាងមុនទៅទៀត នៅពេលបានដឹងអំពីតម្លៃនៃពូជទន្សាយមួយប្រភេទ តែមានតម្លៃស្មើនឹងតម្លៃម៉ូតូថ្មីមួយគ្រឿង ។
សត្វទន្សាយមួយប្រភេទ ដែលមានតម្លៃជិតស្មើម៉ូតូមួយគ្រឿង ជាពូជសត្វទន្សាយប្រភេទយក្សដែលមានឈ្មោះជាភាសាអង់គ្លេស Flemish Giant rabbit មានដើមកំណើតមកពីប្រទេសប៊ែលហ្ស៊ិក បច្ចុប្បន្នមានលក់ក្នុងកសិដ្ឋានមួយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
សត្វទន្សាយនេះមានលក្ខណៈពិសេស និងថ្លៃជាងគេក៏ព្រោះថាវាជាពូជយក្ស ធំជាងគេបង្អស់ក្នុងចំណោមពូជទន្សាយដែលវាមានទំងន់កំពស់ធំជាងប្រភេទទន្សាយផ្សេងៗ ។ វាមានទំងន់អាចចាប់ពី ១០ គីឡូក្រាមឡើងទៅ និងមានប្រវែងប្រហែល ១,៣ ម៉ែត្រ (ឬក៏ ៣ទៅ៤ហ្វីត) រីឯពូជសត្វទន្សាយផ្សេងទៀតអាចមានត្រឹមតែ ២ទៅ៣ គីឡូក្រាមតែប៉ុណ្ណោះ ។
លោក ស្រេង សុវណ្ណារិន ម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ Cambofarm Rabbitry ដែលមានទីតាំងក្នុងសង្កាត់ចាក់អង្រែរក្រោមបានឲ្យដឹងថា ពូជទន្សាយយក្សនេះ គឺមានតម្លៃ ១ ក្បាល ១០០០ ដុល្លារអាមេរិក ។ ប៉ុន្តែបើយោងតាមម្ចាស់កសិដ្ឋានបានឱ្យដឹងថា ប្រភេទទន្សាយយក្សនេះលក់មិនសូវដាច់ ដូចទន្សាយប្រភេទពូជធម្មតាទេ ។ បាននិយាយថាបច្ចុប្បន្នគាត់មានសត្វទន្សាយជាង ១០ ប្រភេទ ដែលប្រភេទលក់ដាច់ជាងគេ គឺប្រភេទពូជធម្មតា ។
លោកបានបន្តថា «យើងមានពូជជាង ១០ ពូជនៃសត្វទន្សាយ ដែលលោកកំពុងមានក្នុងកសិដ្ឋាន ដែលមានដូចជា ពូជធម្មតា រោមវែង សម៉ូវ តូច កាំមីញី ញ៉ូស្សេឡេនស និងខ្មៅ ត្រចៀកធ្លាក់ និងទន្សាយពូជយក្សជាដើម ។ ហើយពូជយក្សនេះមានតម្លៃ ថ្លៃបន្តិចដោយសារវាជាប្រភេទពូជដែលធំបំផុត នៃពូជសត្វទន្សាយក្នុងលោក ។ ហើយទន្សាយប្រភេទនេះលក់បានមួយៗទេ មិនសូវមានអ្នកទិញ ប្រហែលគាត់គិតថា ធំពេក ពិបាកកូនលេងហើយ»។ដោយ៖កោះសន្តិភាព