កូរ៉េខាងត្បូង ៖ យោងទៅតាមភ្នាក់ងារប៉ូលីសខេត្ត Gyeonggi បានរាយការណ៍ឱ្យដឹងថា អតីតកីឡាការិនីបាល់ទះអាជីព Go Yoo-min អាយុ ២៥ឆ្នាំ ត្រូវបានប្រទះឃើញដេកបាត់បង់ជីវិតនៅក្នុងផ្ទះរបស់នាង ក្នុងទីក្រុង Gwangju នៅម៉ោងប្រហែល ៩និង៤០នាទីយប់កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ។
សាកសពរបស់នាងត្រូវបានប្រទះឃើញដោយមិត្តរួមក្រុមម្នាក់ ដែលធ្វើដំណើរទៅផ្ទះរបស់នាង ខណៈដែល Yoo-min មិនបានឆ្លើយតបទូរស័ព្ទ។ ប៉ូលីសមិនបានរកឃើញសញ្ញានៃការវាយតប់គ្នានោះទេ។ ហើយជាបឋមប៉ូលិសដាក់ការសង្ស័យថា ជាករណីធ្វើអត្តឃាតដោយខ្លួនឯង ហើយប៉ូលីសនឹងធ្វើការស៊ើបអង្កេត ដោយផ្អែកលើអ្នកស្គាល់គ្នា និងការពិនិត្យកោសល្យវិច្ច័យឌីជីថលទូរសព្ទរបស់ Yoo-min។
ជំរាបជូនថា Go Yoo-min ជាអតីតកីឡាការិនីរបស់ក្រុម Hyundai E&C Hillstate ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០។ ទោះយ៉ាងណា នាងបានសម្រេចចាកចេញពីក្រុមកាលពីខែមីនា ដោយមិនផ្តល់ហេតុផលជាក់លាក់ណាមួយ។ មុនពេលសហព័ន្ធបាល់ទះកូរ៉េខាងត្បូង (KOVO) បានបញ្ជាក់ពីការចូលនិវត្តន៍របស់នាងកាលពីខែឧសភា។
ខណៈការស៊ើបអង្កេតកំពុងដំណើរការ ក្នុងនោះក៏មានទស្សនៈខ្លះលើកឡើងថា ការបាត់បង់ជីវិតរបស់នាង អាចមកពីការប៉ះពាល់ផ្លូវចិត្ត ដែលបណ្តាលមកពីគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើរណិត។ ព្រោះកន្លងមកនាងត្រូវបានរាយការណ៍ថា បានទទួលរងការព្យាបាទឥតឈប់ឈរនៅលើប្រព័ន្ធអ៊ីនធើរណិត។ ខណៈអ្នកប្រើប្រាស់បានបង្ហាញមតិយោបល់ដ៏ឃោរឃៅ មិនត្រឹមតែអំពីទម្រង់លេងរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមតិរិះគន់ និងការយាយីផ្លូវភេទទៀតផង៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព