រុស្ស៊ីបញ្ចប់ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដោយជោគជ័យ អំឡុងពេលមានវិបត្តិកូវីដ១៩
ប្រទេសរុស្ស៊ី ៖ មនុស្សប្រមាណ ១៣.០០០នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដែលវាជាផ្នែកមួយនៃគម្រោងកីឡាទាំងអស់របស់រុស្ស៊ីក្នុងឆ្នាំនេះ ដែលមានឈ្មោះថា « Zabeg» កាលពីថ្ងៃអាទិត្យកន្លងទៅ។
ព្រឹត្តិការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍កីឡាដ៏ធំដំបូងគេបង្អស់នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ដែលធ្វើឡើងចាប់តាំងពីមានការរឹតត្បិតដ៏តឹងរឹងបំផុត ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ដែលបង្ខំឱ្យមានការផ្អាករាល់សកម្មភាពកីឡាទាំងអស់ក្នុងប្រទេសនេះ។
អ្នកចូលរួមទាំងអស់ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាព និងត្រូវបានប្រាប់ឱ្យអនុវត្តតាមវិធាននៃការឃ្លាតឆ្ងាយពីសង្គម។ ខណៈមនុស្សច្រើនជាង ៩,៥០០នាក់បានពាក់ម៉ាសការពារ ។ ពួកគេអាចជ្រើសរើសការរត់ចម្ងាយ ៥គីឡូម៉ែត្រ ឬក៏ ២១.១គីឡូម៉ែត្រ។ ហើយកន្លែងដែលចាប់ផ្តើមនិងទីតាំងបញ្ចប់គឺនៅជិតកីឡាដ្ឋានជាតិ Luzhniki ដោយបានឆ្លងកាត់ច្រាំងទន្លេនៃទីក្រុងមូស្គូផងដែរ។
ជាលទ្ធផលកីឡាករ Rinas Akhmadeev បានមកដល់ទីមុនគេសម្រាប់វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុង (២១.១គីឡូម៉ែត្រ)។ ខណៈដែលកីឡាការិនី Elena Korobkina គឺជាម្ចាស់ជ័យជម្នះផ្នែកនារី។
លោក Oleg Matytsin រដ្ឋមន្ត្រីកីឡាបាននិយាយថា ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរនៃភាពជោគជ័យរបស់ប្រទេសរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩។ ព្រមទាំងបង្ហាញពិភពលោកពីរបៀបរស់នៅធម្មតាក្នុងស្ថានភាពលំបាកទាំងនេះ ដោយគោរពតាមរាល់តម្រូវការសុវត្ថិភាព ។
សូមបញ្ជាក់ជូនថា ប្រទេសរុស្ស៊ីបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ១៩ចំនួន ៥.៤២៧ករណី ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅកាលពីថ្ងៃអាទិត្យ ដែលមានច្រើនជាង ៦៦០ករណីមកទីក្រុងមូស្គូ ដែលធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនដល់ ៨៥០.៨៧០ករណី ខណៈអ្នកស្លាប់បានកើនឡើងដល់ ១៤,១២៨ នាក់៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព