ថៃ ៖ ក្រសួងអប់រំថៃ នៅសប្តាហ៍នេះនឹងស្នើសុំឱ្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ១៩ (CCSA) អនុញ្ញាតឱ្យសាលាចំនួន ៤,៥០០ នៅទូទាំងប្រទេស បើកឱ្យដំណើរការពេញលេញ។ រដ្ឋមន្ត្រីក្រសួងអប់រំ Nataphol Teepsuwan បាននិយាយកាលពីថ្ងៃចន្ទ ថាសប្តាហ៍នេះ លោកនឹងស្នើ CCSA ក្នុងការអនុញ្ញាតឱ្យបើកសាលារៀន ដើម្បីធ្វើការពិចារណា ពីព្រោះប្រទេសថៃ មិនបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ជាយូរណាស់មកហើយ ស្របគ្នាជាមួយនឹងការបន្ធូរបន្ថយទៅលើការចាក់សោរ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឪពុកម្តាយបានគិតថា ការបើកសាលាជាផ្នែកខ្លះនាពេលបច្ចុប្បន្ន ជាពិសេសការបន្ធូរបន្ថយទៅលើវត្តមានរបស់សិស្ស អាចបណ្តាលឱ្យមានការរំខានដល់ការសិក្សាសម្រាប់កូនៗរបស់ពួកគេ
ប្រសិនបើ CCSA យល់ព្រមអនុម័តការបើកសាលារៀនពេញលេញនោះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សាលារៀនទាំងអស់ត្រូវតែគោរពតាមវិធានការណ៍ដែលបានកំណត់ដោយក្រសួងសុខាភិបាលសាធារណៈ ដូចជាការពាក់ម៉ាសជាកំហិត ការលាងដៃដោយប្រើទឹកលាងដៃដែលមានជាតិអាល់កុល និងពិនិត្យមើលសីតុណ្ហភាពរាងកាយរបស់សិស្សមុនពេលចូលក្នុងបរិវេណសាលា។
លោកបានណែនាំថា សិស្សដែលមានគ្រុនក្តៅត្រូវបានលើកទឹកចិត្តឱ្យឈប់ទៅសាលារៀនរហូតដល់ពួកគេជាសះស្បើយពេញលេញ។ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា គណៈកម្មាធិការ CCSA បានពិភាក្សាអំពីការរៀបចំថ្ងៃផ្សេងទៀតនៅតាមសាលាជាង ៤,៥០០ ដើម្បីកាត់បន្ថយចំនួនសិស្សនៅក្នុងថ្នាក់។ សាលាទាំងនេះរួមមាន សាលារៀនក្រោមក្រសួងអប់រំ និងការិយាល័យជាតិព្រះពុទ្ធសាសនា។
គណៈកម្មាធិការពិសេស CCSA ស្តីពីការបន្ធូរបន្ថយវិធានការកូវីដ១៩ មានអំណាច ដើម្បីបើកភ្លើងខៀវឱ្យមានការបើកសាលារៀនឡើងវិញពេញ ហើយវាត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះនៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធពីក្រសួងអប់រំនៅសប្តាហ៍នេះ។ អ្នកនាំពាក្យបាននិយាយថា CCSA នឹងជម្រុញឱ្យសាលារៀនវិលត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែក៏នឹងពិចារណាផងដែរនូវវិធានការថ្នាក់រៀនដើម្បីធានាការការពារសិស្ស៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព