រាជធានីភ្នំពេញ ៖ ជំហរចុងក្រោយ កីឡាការិនី កែ ឡេង ម្ចាស់មេដាយមាស ពិភពលោក៤ជំនាន់ ប្រកាសមិនបន្តការប្រកួតលើឆាកអន្តរជាតិនោះទេ បើទោះជាមានការទទូចឱ្យអ្នកស្រីទទួលការប្រកួតតំណាងកម្ពុជា ម្ដងជាពីរដងទៀតក្ដី ។ ជំហរនេះបានធ្វើឱ្យកម្ពុជាព្រួយបារម្ភពីការបាត់បង់មេដាយប៉េតង់ពិភពលោក ខណៈដែលកម្ពុជាបានត្រឹមតែប្រកាសថានឹងពង្រឹងអ្នកស្នងតំណែងកុំឱ្យរបូតមេដាយនេះ។
ថ្វីត្បិតតែអ្នកស្រី កែ ឡេង បានប្រកាសថា កីឡាការិនីវ័យក្មេង ស្រ៊ាង សុរ៉ាឃីម នឹងអាចស្នងតំណែងរបស់ខ្លួនបាន ដោយផ្អែកលើសមត្ថភាពរបស់កីឡាការិនីរូបនេះ ក៏លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា បានលើកឡើងក្នុងន័យមិនទាន់ជឿជាក់ថានឹងក្លាយជាការពិតនោះដែរ ខណៈដែលលោកយល់ថា មេដាយប៉េតង់ពិភពលោកមិនមែនងាយស្រួលដណ្ដើមបាននោះទេ ក្រៅពីអ្នកស្រី កែ ឡេង រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនិងកត់ទុកក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោកថែមទៀតផង ។
លោក ស សុខា បានបោះសម្ដីថា ក្រោយការលាឈប់របស់អ្នកស្រី កែ ឡេង សហព័ន្ធប្តេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានឲ្យឈានទៅរកចំណុចកំពូលដែលសហព័ន្ធចង់បាន ។ការលើកឡើងរបស់លោកបង្ហាញពីការទទួលខុសត្រូវបន្ទាប់ពីអ្នកស្រី កែ ឡេង លែងទទួលការប្រកួតក្រៅស្រុក ហើយក៏ជាការព្រួយបារម្ភជុំវិញករណីបាត់បង់មេដាយប៉េតង់ពិភពលោកដែលកម្ពុជាធ្លាប់បាន នៅពេលសមាសភាពថ្មីត្រូវបានបង្ហាញខ្លួនលើឆាកអន្តរជាតិជំនួស។
អ្នកតាមដានក្នុងវិស័យនេះភាគច្រើន ក៏សម្ដែងការព្រួយបារម្ភផងដែរថា កម្ពុជានឹងពិបាករក្សាមេដាយប៉េតង់ពិភពលោក បើទោះជាកីឡាការិនី សុរ៉ាឃីម ត្រូវគេប៉ាន់ស្មានថានឹងអាចស្នងតំណែងអ្នកស្រីកែ ឡេង ។ មិនមែនជារឿងចៃដន្យទេ ដែលអ្នកស្រី កែ ឡេង វ័យ៥៨ឆ្នាំ អាចដណ្ដើមបានមេដាយពិភពលោក ដល់ទៅ៤ដងជាប់គ្នានោះ ។ ការដណ្តើមបាន មេដាយមាសពិភពលោក៤ជំនាន់នេះ ក៏ជួយឱ្យអ្នកស្រីក្លាយជាកីឡាការិនីប៉េតង់ទី១លើ ពិភពលោក ផងដែរ។
យោងតាមការវិភាគ បច្ចុប្បន្នពុំទាន់មាន កីឡាការិនីរូបណាមានសមត្ថភាពខ្លាំងដូច ឬប្រហាក់ប្រហែលអ្នកស្រីកែ ឡេង នៅឡើយ ទេ ។
ទោះបីមានការលើកទឹកចិត្តពីអ្នកស្រីកែ ឡេង ថា កីឡាការិនី ស្រ៊ាង សុរ៉ាឃីម គឺជាអ្នកស្នងតំណែង ប៉ុន្តែការលើកឡើងរបស់អ្នកស្រីមិនត្រូវគេមើលឃើញថានឹងអាចជំនួសបានកម្រិតណាឡើយ ។ ទាំងមន្ត្រីសហព័ន្ធ និងអ្នកតាមដានបានត្រឹមតែទាមទារឲ្យ សុរ៉ាឃីម ព្យាយាមហ្វឹកហាត់ បន្ថែមទៀត ពិសេសលើផ្នែកស្មារតី ប៉ុណ្ណោះ។
កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ធ្លាប់និយាយ កន្លងមកថា នាងមិនហ៊ានស្រមៃ ថា អាចមានសមត្ថភាព និងសាងភាពល្បីល្បាញដូចរៀមច្បងវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់នោះទេ ។ ប៉ុន្តែ កីឡាការិនីរូបនេះ ហាក់មានការតាំងចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព និងសាងស្នាដៃជូន ជាតិបន្តនៅឆាកអន្តរជាតិ ។ យ៉ាងណាក៏ដោយ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏ស្ថិតក្នុងជម្រើសទី១របស់កម្ពុជានៅក្នុងវិស័យនេះ បន្ទាប់ពីអ្នកស្រី កែ ឡេង ចូលនិវត្តន៍ផងដែរ។
គួរបញ្ជាក់ថា កីឡាការិនី សុរ៉ាឃីម បាន ក្លាយជាកីឡាការិនីថ្នាលរបស់សហព័ន្ធអំឡុងឆ្នាំ ២០១៤ ក្រោយរូបគេដណ្តើមបានមេដាយ សំរឹទ្ធ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ។ មុន ចូលរួមជាមួយសហព័ន្ធ រូបគេជាកីឡាការិនី ឆ្នើមប្រចាំវិទ្យាល័យ អង្គរបូរី ដោយធ្លាប់ឈ្នះ មេដាយមាស និងរង្វាន់ម៉ូតូ១គ្រឿង ក្នុងការ ប្រកួតជម្រើសថ្នាក់ខេត្ត ដណ្តើមពានរង្វាន់ សម្តេចវិបុលបញ្ញា សុខ អាន ។
ក្រោយប្រឡូកក្នុងវិស័យកីឡាប៉េតង់ ប្រមាណ៦ឆ្នាំ កីឡាការិនីវ័យ២១ឆ្នាំរូបនេះ សម្រេចបានសមិទ្ធផលជាច្រើនទាំងលើថ្នាក់ជាតិ និងអន្តរជាតិ ។ សមិទ្ធផលធំៗ របស់នាង រួមមាន មេដាយប្រាក់ និងសំរឹទ្ធពិភពលោក កាលពីឆ្នាំ២០១៧ និងមេដាយមាស Asian Beach Games នៅវៀតណាម ឆ្នាំ២០១៦ និង មេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីន និងមានស្នាដៃជាច្រើនទៀត ។ សមិទ្ធផលទាំងនេះជួយឲ្យសុរ៉ាឃីម ទទួលបានការងារក្នុងក្របខណ្ឌក្រសួងការពារជាតិ និងអាហារូបករណ៍ ១០០ ភាគរយ នៅសាកលវិទ្យាល័យទៀតផង ៕ ផ្តល់សិទ្ធដោយ៖ ត្នោត