រាជធានីភ្នំពេញ ៖ ពាក្យដែលសឹងតែគ្រប់គ្នាធ្លាប់បានលឺ ហើយអ្នកខ្លះតែងតែបានចងចាំពាក្យនេះទុកទៀតផង ។ នៅពេលនេះយើងបានលើកយកពាក្យនេះមកបកស្រាយ «ចេះពីរៀន មានមកពីរក» ។
ចេះពីរៀនអ្នកខ្លះប្រាកដជាដឹងថា វាមានន័យថា យ៉ាងដូចម្តេច វាជាការខិតខំប្រឹងប្រែង ធ្វើអ្វីមួយដោយយកចិត្តទុកដាក់បំផុត និងព្យាយាមក្នុងការចងចាំវាទៀតផង ។ អ្នកស្ថាបនិកម្នាក់បានលើកឡើងថា កាលគាត់នៅក្មេងគាត់បានគិតថា បើគាត់ចង់រៀនឱ្យចេះពិតជាមិនមានអ្វីលំបាកទេ តែលំបាកនោះទេ ប៉ុន្តែបើចិត្តគិតថាមិនចង់រៀនហើយ ទោះបីជាក្នុងតម្លៃ ឬល្អប៉ុណ្ណាក៏រៀនមិនចេះដែរ ។ ហើយបើមិនចង់គិតថា អាចធ្វើបានប្រាកដណាស់ពិតជាមិនអាចធ្វើបាន ។
ដូចនេះការគិតរបស់យើងម្នាក់ៗពិតជាខ្លាំង អាចនាំយើងទៅដល់គោលដៅឬអត់ គឺអាស្រ័យលើការតាំងចិត្តនេះឯង ។ ដូចនេះគាត់តែងតែគិតថា គេរៀនបានពូកែ ហេតុអ្វីគាត់មិនពូកែដូចគេ ចឹងហើយគាត់តែងតែគិតថា អាចធ្វើបាន នឹងអាចរៀនបានដូចគេ ។
លោក ឌិន សុមេធារិទ្ធ ស្ថាបនិក ភូមិផ្កាត្រកួន «ខ្ញុំជឿថា បើខ្ញុំចង់បានលេខ១ ក្នុងថ្នាក់ខ្ញុំនឹងបាន ព្រោះខ្ញុំជឿលើភាពប្រាដក និងជឿជាក់ នៅពេលដែលមនុស្សម្នាក់ៗមានវាហើយ ខ្ញុំជឿជាក់អ្នកណាក៏អាចរៀនចេះ និងពូកែដូចតែគ្នានឹង។ អ្វីដែលខ្លាចនោះ គឺការមិនចង់ចេះ និងដឹងតើដែលធ្វើឱ្យមនុស្សរៀនមិនចេះនឹង»។
លោក ឌិន សុមេធារិទ្ធ បានបន្តថា «ចំពោះពាក្យថា មានមកពីរក ចំពោះខ្ញុំកើតមកមិនបាននៅក្នុងគំនរមាសប្រាក់ទេ ហើយការដែលបានរៀនសូត្រ និងបើកអាជីវកម្មនេះ កើតចេញពីការសន្សំសំចៃ ការចាយវាយតិចៗ មិនខ្ចះខ្ចាយ។ នេះគឺមានន័យថាអ្វីៗ គ្រប់យ៉ាងគឺចេញមកពីខ្លួនយើងម្នាក់ៗ ថាយើងចង់មានប៉ុណ្ណា ហើយតស៊ូរកប៉ុណ្ណា។ ហើយត្រូវមានគំនិតថា មានលុយហើយត្រូវយកលុយនឹងទៅបង្កើតលុយមកវិញ។ ប្រសិនជាយើងមិនចេះហើយ ទោះមានលុយប៉ុណ្ណា ក៏មិនអាចទុកលុយនោះបានយូរដែរ ធ្វើខុសគោលដៅដូចយកលុយទៅបោះចោលទទេៗចឹង។ លោកបន្តថា អ្នកមានខ្លះ បើទោះបីជាកើតមកក្នុងត្រកូលអ្នកមាន តែពួកគាត់មិនបានយកលុយឱ្យពុកម្តាយយកមករកស៊ីដែរ គាត់ខំប្រឹងរកខ្លួនឯងដើម្បីមានប្រាក់ជាដើមទុនរកស៊ី។ អ្នកគ្រប់គ្នាដែលចង់មានបាន គួសួរខ្លួនឯងថា ទី១ មុនស្លាប់យើងចង់បានអ្វី?និងទី ២ ត្រូវខំរៀនឱ្យបានច្រើនដើម្បីអ្វី? លោកបានបន្ថែមថា រៀនឱ្យបានច្រើនដើម្បីអ្វី គឺដើម្បីរកលុយ ធ្វើការក៏ប្រាក់ខែច្រើនដែរ ហើយរៀនមិនបានច្រើន ទៅធ្វើអ្វីមួយក៏បានប្រាក់ខែតិច ហើយវានឹងពិបាកក្នុងការសន្សំដើម្បីចង់ចាប់ផ្តើមអ្វីមួយ។ ធ្វើការបានប្រាក់ខែច្រើនហើយ ត្រូវពូកែការពារលុយផង ក្រោយពីការពារហើយត្រូវចេះសន្សំលុយ នៅពេលយើងចេះសន្សំលុយហើយ យើងមានសង្ឃឹមថានឹងអាចធ្វើអ្វីមួយបានហើយ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព