ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។
ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។ ប្រាសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។
ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក) ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូចេ្នះប្រាសាទបេងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។ បា្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយកៀ្រមដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។
អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។
កន្លងមកប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង តែបច្ចុបន្នក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា បានអភិរក្ស និងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាព ផ្សេងៗនៃប្រាសាទទាំងមូល ។
ដើម្បីផ្តល់ការទស្សនាតំបន់ប្រវត្តិសាស្ត្រខ្មែរដល់ទេសចរជាតិនិងអន្តរជាតិ អាជ្ញាធរជាតិអប្សរាក៏បាន យកចិត្តទុកដាក់រៀបចំសោភ័ណភាពបរិវេណប្រាសាទឱ្យមានភាពស្រស់ស្អាតឡើងវិញផងដែរ ដោយមានក្រុមការងារបានកាត់សម្អាតមែកឈើ ដកស្មៅជាប្រចាំ ជាពិសេសបានដាំដើមឈើឡើងវិញដើម្បីជារបាំងការពារ និងជាសោភ័ណភាពសម្រាប់ប្រាង្គប្រាសាទទៀតផង។
បច្ចុប្បន្នប្រាសាទបេងមាលា ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅសិក្សានិងទស្សនាឈ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់ បើទោះជាតំបន់នោះនៅឆ្ងាយពីតំបន់ឧទ្យានអង្គរដែលបេតិកភណ្ឌនៃពិភពលោកដ៏ល្បីល្បាញក៏ដោយ។
សម្រាប់ការធ្វើដំណើរទៅកាន់ប្រាសាទបេងមាលា គឺមានភាពងាយស្រួល។ អ្នកអាចជ្រើសរើសការធ្វើដំណើរដែលអ្នកចង់ ប្រសិនបើធ្វើដំណើរតាមរយៈរ៉ឺម៉កកង់បី (ត្រូវប្រើពេលប្រហែលពីរម៉ោង)។ អ្នកក៏អាចជ្រើសយកមធ្យោបាយជួលរថយន្តផងដែរ៕
នេះគ្រាន់ជារូបតំណាង ព្រោះ app ចាប់យកទីតាំងជាក់ស្តែង