ចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែសីហា កម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូ និងធ្វើឲ្យមានភ្លៀង ខ្យល់កន្ដ្រាក់
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងមកថា កម្ពុជារងឥទ្ធិពលព្យុះស៊ីនឡាគូ មកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាបនាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយនាថ្ងៃទី០១ ខែសីហានេះ ។
ក្រសួងធនធានទឹកបានបន្តបញ្ជាក់ថា បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) ។
មួយទៀត តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ចុងក្រោយ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម ។
ក្រសួងធនធានទឹកអំពាវនាវ ឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព