ប្រជាពលរដ្ឋភូមិពាមខ្នងខាងជើង បានប្រទះឃើញអាវុធប្រភេទM16 ចំនួន១០ដើម និងគ្រាប់មិនទាន់ផ្ទុះមួយចំនួន ខណៈពេលភ្ជួរនៅលើវាលស្រែ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០ នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិពាមខ្នងខាងជើង ជិតវត្តថ្នល់ឈើទាល ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បើតាមលោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានប្រាប់តាមទូរស័ព្ទថា ពិតជាមានប្រជាពលរដ្ឋ បានភ្ជួរស្រែប៉ះអាវុធនិងគ្រាប់កប់ក្នុងដី ពិតប្រាកដមែន កាលពីព្រឹកថ្ងៃទី១ ខែសីហា។
ជាមួយគ្នានេះ សមត្ថកិច្ច បានធ្វើការដកហូត អាវុធប្រភេទM16ចំនួន១០ដើម និងគ្រាប់មួយចំនួន ដើម្បីយកមករក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព។ ដោយ៖ត្នោត