រាជធានីភ្នំពេញ ៖ «ថ្នាក់អាជីវកម្មដំបូង» គឺជាវគ្គសិក្សាអនឡាញ នេះគឺបង្កើតឡើងសម្រាប់សហគ្រិនវ័យក្មេង ដែលចង់រៀនស្វែងយល់បន្ថែមអំពី សហគ្រិនភាពនិងការចាប់ផ្តើមអាជីវកម្មដំបូងនៅប្រទេសកម្ពុជា។ វគ្គសិក្សានេះគឺបង្កើតឡើងដើម្បី សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មគ្រប់ប្រភេទ មិនថាតូចឬធំនោះទេឬមិនទាន់ចាំបាប់ផ្តើមទេ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០នេះ កញ្ញា គឹម កុសុម៉ា ដែលជា ប្រធានគ្រប់គ្រងកម្មវិធីសិក្សាអនឡាញ បានឱ្យដឹងថា «ពួកយើងកំពុងតែរស់នៅក្នុងសម័យព័ត៌មានឌីជីថល ដែលពួកយើងអាចរៀនអ្វីៗ គ្រប់យ៉ាងបានយ៉ាងងាយស្រួលនៅលើប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែផលលំបាកមួយ គឺរាល់មេរៀនទាំងអស់នោះគឺភាគច្រើនមានតែជាភាសាអង់គ្លេស ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ ពិបាកក្នុងការយកមកសិក្សា។ ដូច្នេះហើយ ទើបពួកយើងផ្តួចផ្តើមវគ្គសិក្សានេះឡើងជាភាសាខ្មែរ និងជាភាសាអង់គ្លេសដែលអាចឱ្យយុវជនខ្មែរទាំងអស់អាចយកទៅរៀន និងអភិវឌ្ឍជំនាញទន់របស់ពួកគេ»។
កញ្ញា កុសុម៉ា បានបន្ថែមទៀតថា «វគ្គសិក្សានេះបានទាក់ទាញចំណាប់អារម្មណ៌ យុវជនក្មេងៗ ជាច្រើន ព្រោះពេលដែលពួកយើងបង្ហោះពត៌មានខ្លីពី វគ្គសិក្សានេះ នៅក្នុងគេហទំព័រហ្វេសប៊ុករបស់ពួកយើង ភ្លាមរយៈពេលតែមួយយប់ទេ ពួកយើងទទួលបាន ការចុះឈ្មោះរងចាំ១៣០នាក់ ជាងហើយមាន៤០០នាក់ ជាងទៀតបង្ហាញការចាប់អារម្មណ៌រៀនវគ្គនេះ នៅក្នុងថ្ងៃបន្ទាប់។ការចាប់អារម្មណ៌នេះសបញ្ជាក់ថាពួកយើងកំពុងតែបង្កើតអ្វីមួយដែលមានតម្លៃសម្រាប់ក្មេងៗជំនាន់ក្រោយ»។
ថ្នាក់អាជីវកម្មដំបូងនេះ គឺក្រោមការគាំទ្រពីស្ថានទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា។
លោក Ryan Tierney ដែលជាលេខាទីមួយនៃស្ថានទូតអូស្ត្រាលី ប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា «ស្ថានទូតអូស្ត្រាលីមានមោទនភាពក្នុងការគាំទ្រ IMPACT HUB ក្នុងការលើកកម្ពស់អាជីវកម្មដែល មានភាពច្នៃប្រឌិតក្នុងសង្គមរបស់សហគ្រិនកម្ពុជាតាមរយៈកម្មវិធីជំនួយផ្ទាល់របស់យើង។COVID-19 បានជះផលប៉ះពាល់ស្ទើរតែរាល់សកម្មភាពអាជីវកម្មទាំងអស់ នៅក្នុងប្រទេសកម្ពុជារួមទាំងការសិក្សានិងការងារ។ នៅក្នុងបរិបទនេះវេទិកាតាមអនឡាញជាភាសាខ្មែរ គឺកាន់តែជាដំណោះស្រាយដ៏ល្អ និងឪកាសសម្រាប់យុវជនកម្ពុជា ដែលចង់ចាប់ផ្តើមនិងបើកអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គសិក្សានេះអ្នកដែលចុះឈ្មោះចូលរៀននឹងទទួលបានការចែករំលែកបទពិសោធន៌ ពីសហគ្រិនជោគជ័យពីររូប គឺលោករិទ្ធីកុរដែលជាស្ថាបនិកក្រុមហ៊ុន DoyDoyនិងកញ្ញាវិច្ឆិកាដែលជាសហស្ថាបនិករបស់ Dai Khmer ដែលពួកគាត់បានចែករំលែកបទពិសោធន៌ របស់ពួកគាត់គន្លឹះ និងមេរៀន ដែលពួកគាត់បានឆ្លងកាត់ក្នុងការបង្កើតអាជីវកម្មរបស់ពួកគាត់៕
ដោយ៖ កោះសន្តិភាព