ប្រទេសន័រវែស ៖ ក្រុមហ៊ុនន័រវែស HURTIGRUTEN អះអាងថា ក្នុងចំណោមសមាជិកក្រុមនាវិក១៥៨នាក់ដែលមានវត្តមានក្នុងនាវាកម្សាន្ត MS ROALD AMUNDEN ៣៣នាក់ធ្វើតេស្តវិជ្ជមានឆ្លងវីរុស COVID-19 ចំណែក១២០នាក់ធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន ។
ក្នុងសេចក្ដីប្រកាសមួយក្រុមហ៊ុននោះនិយាយថា ក្នុងចំណោមសមាជិកក្រុមនាវិកនៃនាវានោះ ដែលបង្ខាំងក្នុងនាវា យ៉ាងតិច៣៣នាក់ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន ។ ចំណែកសមាជិកក្រុមនាវិក១២០នាក់ទៀត ធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន ។ មនុស្ស៥នាក់ត្រូវធ្វើតេស្តជាថ្មី ។ កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅនេះ បុគ្គលិកនាវានោះ៤នាក់ ត្រូវបានធ្វើតេស្តឃើញឆ្លងវីរុសរួចហើយ ព្រមទាំងកំពុងស្ថិតក្នុងមន្ទីរពេទ្យ ។
ពួកគេសុទ្ធតែជាជនបរទេស ។ មកដល់កំពង់ផែ TROMSO មកពីកោះន័រវែស SVALBARD ក្រុមនាវិកនៃនាវា MS ROALD AMUNDEN ត្រូវបានធ្វើចត្តាឡីស័កលើនាវានោះ ក្រោយពីសមាជិកបុគ្គលិក៤នាក់ត្រូវបានដាក់ឲ្យនៅដាច់ពីគេ ចាប់តាំងពីច្រើនថ្ងៃមកហើយ មកពីពួកគេមានរោគសញ្ញានានា ។
នាវានោះដឹកអ្នកដំណើរជិត១៨០នាក់ដែលចេញដំណើរពីថ្ងៃទី២៥ កក្កដាមក ។ ក្នុងចំណោមអ្នកដំណើរពុំមានរោគសញ្ញានៃការឆ្លងវីរុសឡើយ ៕ដោយ៖ កោះសន្តិភាព