ខេត្តព្រះសីហនុ ៖ គិតចាប់តាំងពីព្រឹករហូតមកដល់រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ឥទ្ធិពលភ្លៀងនិងខ្យល់កន្ត្រាក់បាននិងកំពុងវាយលុក និងគ្របដណ្តប់ទូទាំងស្រុកព្រៃនប់ ។
ជាមួយនឹងស្ថានភាពភ្លៀង និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាខាងលើនេះ គេនៅពុំទាន់ដឹងថា បង្កផលប៉ះពាល់ដល់លំនៅឋាន ឬបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វយ៉ាងណានោះទេ បើប្រៀបទៀបកាលពីថ្ងៃទី១ សីហា សម្រាប់ថ្ងៃនេះ ពោពេញដោយខ្យល់កន្ត្រាក់ លាយនឹងទឹកភ្លៀង ជាមួយនឹងផ្ទៃមេឃងងឹតអួអាប់ ។
សូមបញ្ជាក់ថា ឥទ្ធិពលខ្យល់កន្ត្រាក់ខាងលើនេះបានចាប់ផ្តើមបោកបក់ខ្លាំងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទឺ២ សីហា ឆ្នាំ២០២០នេះ ដែលបើតាមអាជ្ញាធរស្រុក លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា បានបណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋក្នុងឃុំទួទទឹងចំនួន២ខ្នង និងឃុំតានៃរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយខ្នងផងដែរ ក្រៅពីនេះក៏មានការបាក់រលំដើមឈើខ្លះផងដែរ ។ ជាមួយនឹងអាកាសធាតុបែបនេះ អាជ្ញាធរអំពាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ៕ដោយ៖កោះសន្តិភាព