រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យលួចម៉ូតូមួយគ្រឿងមានភ្ជាប់ប្រព័ន្ធ GPS លុះបាន៤ម៉ោងក៏តាមរកជនសង្ស័យឃើញ រួចប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចកើតហេតុផ្ទះជួលតាមផ្លូវ៩៥ ផ្ទះលេខ៨៨ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបន្ទប់ជួលនៅផ្ទះកើតហេតុខាងលើ នៅជាន់ទី១ ដែលជាម្ចាស់ម៉ូតូម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខសៀមរាម ១V-៤១៣១ ។ ចំណែកជនសង្ស័យមានឈ្មោះ ឈន ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលសង្កាត់ បឹងត្របែក ខណ្ឌចំការមន ឃាត់ខ្លួនពីបទលួចម៉ូតូ ។
ជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់ចេញពីសាលារៀនម៉ោង១១ថ្ងៃត្រង់ ហើយបានចាក់សោម៉ូតូនៅជាន់ក្រោម រួចក៏ឡើងទៅបន្ទប់ជួលនៅជាន់ទី១ លុះដល់ម៉ោង៤និង៣០នាទីល្ងាចក៏ចុះមកយកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូតែម្តង បន្ទាប់មកគាត់បានទូរស័ព្ទប្រាប់បងប្អូន ដើម្បីដើររក ។
ជនរងគ្រោះបន្តថា ដោយសារម៉ូតូរបស់គាត់មានភ្ជាប់ប្រព័ន្ធ GPSផង លុះពេលឆែកមើលតាម GPS ក៏ឃើញម៉ូតូគាត់ជិតវិលពេញក្នុងក្រុងតែម្តង ។ រហូតដល់ម៉ោង៧និង៣០នាទីយប់ ក៏រកឃើញជនសង្ស័យជិះម៉ូតូគាត់នៅមុខណាហ្គាវើរ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គាត់ក៏បានប្ដឹងនគរបាលឱ្យជួយអន្តរាគមន៍ឃាត់ជនសង្ស័យប្រគល់អោយនគរបាលប៉ុស្តិ៍បឹងត្របែក ដើម្បីចាត់ការតាមច្បាប់។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានដើរមកដល់ច្រកឌឿងហែមក៏ប្រទះឃើញម៉ូតូជនរងគ្រោះដែលចាក់សោកទុកចោលយូរហើយមិនឃើញមានម្ចាស់មកយកសោះ ហើយណាមួយរូបគាត់មិនដែលលួចម៉ូតូទេ និងគ្មានឧបករណ៍សំរាប់កាច់.កម៉ូតូដែរ ក៏បានហៅជាងសោមកធ្វើកូនសោម៉ូតូ ដោយកុហកជាងថា គាត់បាត់សោម៉ូតូ ។ បន្ទាប់ពីធ្វើកូនសោរួចរាល់ ក៏បានជិះចេញពីកន្លែងកើតហេតុ ក្នុងគោលបំណងដើររកកន្លែងបញ្ជាំ តែគ្មានកាតគ្រីទេ ទើបមានបំណងជិះទៅណាហ្គាវើរដើម្បីបញ្ជាំ ប៉ុន្តែចៃដន្យម្ចាស់គេតាមមកទាន់ដោយសារភ្ជាប់ប្រព័ន្ធ GPS នៅម៉ូតូ ។
បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរ
បាលខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖កោះសន្តិភាព