ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាឪពុកម្នាក់ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនភ្លាមៗតាមដងផ្លូវនៅសង្កាត់និងក្រុងប៉ោយប៉ែត ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះថា បានបំពានសេពសន្ថវៈលើកូន ហើយរឿងនេះធ្លាយដល់រឿងបំពានទាំងនាងបងថែមទៀត។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ មាន សៅវិរៈ អាយុ៣៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់និងក្រុងប៉ោយប៉ែត មានមុខរបរជាអ្នករត់ម៉ូតូឌុប។
បើតាមការរៀបរាប់របស់ម្តាយក្មេងស្រីរងគ្រោះបានប្រាប់ទាំងអួលដើម.កថា នៅម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ខណៈគាត់កំពុងធ្វើការឲ្យគេ ស្រាប់តែកូនស្រីទី៤ អាយុ១២ឆ្នាំ រត់ទៅប្រាប់ថា «ប៉ាបំពានសេពសន្ថវៈមកលើកូនហើយ ម៉ែអើយ! ប្តឹងគេឱ្យចាប់ប៉ាទៅ កូនទ្រាំលែងបានហើយ» ។
ស្ត្រីជាម្តាយបន្តថា ក្រោយពីស្តាប់ឮកូនស្រីទី៤ រៀបរាប់ដូច្នេះ រូបគាត់ស្ទើរតែគាំងបេះដូងទៅហើយ ហើយក៏ប្រញ៉ាប់ប្រញ៉ាល់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ោយប៉ែត និងសុំកាអន្តរាគមន៍ចាប់ខ្លួនបុរសជាឪពុកភ្លាមៗ។
ហើយអ្វីដែលហួសចិត្ត និងនឹកស្មានមិនដល់នោះ គឺពេលសាកសួរកូនស្រីនាងប្រាប់ថា ប៉ានាងបំពានសេពសន្ថវៈស្ទើរតែរាល់ថ្ងៃជិត១ឆ្នាំមកហើយ តាំងពីមករស់នៅកន្លែងកើតហេតុម្ល៉េះ ខណៈម្តាយចេញទៅធ្វើការឲ្យគេបាត់ៗពីផ្ទះ។ ជនរងគ្រោះថែមទាំងប្រាប់ពីកាពិតរបស់ជីវិតបងនាងម្នាក់ទៀតអាយុ១៥ឆ្នាំថា នាងតែងលបមើលឃើញប៉ាចាប់ខ្ទប់មាត់បងនាងរួចបំពានដូចនាងដែរ នាពេលកន្លងមក។
ដោយសារខ្លាចមិនដូចការលើកឡើងរបស់កូនស្រីទី៤ ស្ត្រីជាម្តាយបានហៅកូនស្រីទី៣ មកសាកសួរនៅចំពោះមុខសមត្ថកិច្ច ស្រាប់តែនាងទ្រហោរយំ ហើយរៀបរាប់ថា ប៉ានាងបានបំពាននាងជាច្រើនដងតាំងពីអាយុ៩ឆ្នាំ រហូតដល់១០ឆ្នាំ កាលពីគ្រួសារនាងរស់នៅឯក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មែន។
នាងបងបន្តថា កាលនោះនាងរៀនក៏មិនចូល ព្រោះតែមានវិបត្តិក្នុងគ្រួសារ ហើយចេះតែលាក់ទុកមិនដែលហ៊ានប្រាប់ម្តាយទេ ព្រោះមានពេលមួយប៉ានាងបានវាយធ្វើបាបនាង រួចគំរាមថា បើប្រាប់នរណាម្នាក់ពីរឿងខ្លួនគេ នឹងសម្លាប់នាងចោល។
ម្តាយក្មេងរងគ្រោះរៀបរាប់បន្តថា គាត់មានប្តី២នាក់ទៅហើយ ដោយប្តីទី១ បង្កើតបានកូនប្រុសម្នាក់ក៏បែកបាក់គ្នា និងមានប្តីទី២នេះ បង្កើតបានកូន៤នាក់ ក្នុងនោះប្រុសម្នាក់ សរុប៥នាក់ ទាំងកូនប្តីមុន។
គាត់បន្តថា បុរសជាប្តីក្រោយនេះកាលនៅឯក្រុងសិរីសោភ័ណ ធ្លាប់ជាប់គុក១ឆ្នាំកន្លះពាក់ព័ន្ធករណីថ្នាំញៀនហើយ ទើបមករស់នៅក្រុងប៉ោយប៉ែតប្រហែល១ឆ្នាំ ។ ចំណែកឯនាងបងគេមានការធ្វើ ហើយដេកនៅកន្លែងធ្វើការរហូតទើបរួចផុតពីក្រញាំឪពុករូបនេះ។
លោកវរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ករណីខាងលើពិតជាកើតមានមែន។ លោកបន្តថា យោងតាមការសួរនាំ ជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានបំពានលើកូនស្រីបង្កើតពិតប្រាកដមែន ។ ក្រោយពីសាកសួររួច ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឪពុករូបនេះ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រួចហើយ៕៕ដោយ៖ កោះសន្តិភាព