រាជធានីភ្នំពេញ ៖ រថយន្តម៉ាករ៉ែងរ៉ូវើ (RANGE ROVER) មួយគ្រឿងបានបើកជែងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកចំជើងជ្រែងរថយន្តស្ទូចមួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរថយន្តម៉ាករ៉ែងរ៉ូវើខ្ទេចផ្នែកខាងមុខ និងដាច់កង់មុខមួយគ្រាប់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពុំបណ្តាលអោយអ្នកបើកបររងរបួសឡើយ ដោយសារបានពោងសុវត្ថិភាព។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ប្រមាណ៤និង១០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសម្តេចជា ស៊ីម ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តមួយគ្រឿងដែលរងការខូចខាតខាងលើម៉ាករ៉ែងរ៉ូវើ (RANGE ROVER) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3996 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។ចំណែករថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9000 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាករ៉ែងរ៉ូវើមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើក៍បានបើកវ៉ាជែងរថយន្តនៅខាងមុខក៍ជ្រុលចូលទៅគន្លងផ្លូវម្ខាងទៀត រួចបុកចំជើងជ្រែងរបស់រថយន្តស្ទូចមួយគ្រឿងយ៉ាងពេញទំហឹងដែលកំពុងតែធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរថយន្តម៉ាករ៉ែងរ៉ូវើរងការខូចខាតផ្នែកខាងមុខ និងដាច់កង់មុខ១គ្រាប់ ព្រមទាំងផ្ទុះពោងសុវត្ថិភាព ទើបមិនបណ្តាលឲ្យអ្នកបើកបររងរបួស ចំណែករថយន្តស្ទូចរងការខូចខាតតិចតួចប៉ុណ្ណោះ។
បន្ទាប់ពីគ្រោះថ្នាក់ ដោយសារតែខាងរថយន្តស្ទូចមិនរងការខូចខាតធ្ងន់ធ្ងរ ទើបភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយចេញថ្លៃជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ព្រោះខាងរថយន្តម៉ាករ៉ែងរ៉ូវើបានដឹងខ្លួនខុស ៕ ដោយ៖ កោះសន្តិភាព