ប៉ូឡូញ ៖ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសប៉ូឡូញ បានឱ្យដឹងថា សម្រាប់ថ្ងៃទី ៣ជាប់ៗគ្នា ប្រទេសប៉ូឡូញ បានរាយការណ៍អំពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុត ចាប់តាំងពីថ្ងៃចាប់ផ្តើមនៃជំងឺរាតត្បាតនេះ ដោយមានការឆ្លងថ្មីចំនួន ៦៥៨ករណី កាលពីថ្ងៃសៅរ៍។
ក្រសួងក៏បានរាយការណ៍ពីការបាត់បង់ជីវិតថ្មីចំនួន ៥នាក់ ដែលធ្វើឱ្យចំនួនករណីបាត់បង់ជីវិត ដោយសារជំងឺនេះសរុបកើនឡើងដល់ ១,៧២១នាក់។
ប៉ូឡូញបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៦៥៧នាក់ នៅថ្ងៃសុក្រ និង ៦១៥នាក់ នៅថ្ងៃព្រហស្បតិ៍ ដែលទាំងពីរនេះគឺជាកំណត់ត្រាថ្មីនៅពេលនោះ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលប៉ូឡូញបានប្រាប់ CNN ថា ខ្លួនកំពុងពិចារណាលើសេណារីយ៉ូផ្សេងៗគ្នា ដើម្បីគ្រប់គ្រងកម្រិតនៃការឆ្លង។
លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃដដែលថា លោកចង់ជៀសវាងការចាក់សោរថ្មីមួយទៀត ដោយសារតែមិនចង់ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ៕
ដោយ៖ កោះសន្តិភាព